Mail |
  • ភាសាខ្មែរ
  • English
  • ការបង្កើតឲ្យមានប្រព័ន្ធសន្តិសុខសង្គម គឺជាគោលនយោបាយដ៏ល្អឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាន

    (កែប)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា៖ ការរស់នៅក្នុងសង្គមមួយ គឺតែងតែមានសេចក្តីទុក្ខ ដែលគ្មាននរណាម្នាក់ អាចជៀសផុតបានឡើយ។ ដោយសារតែមានហានិភ័យសង្គមនេះ ទើបរាជរដ្ឋាភិបាលសម្រេចបង្កើតឲ្យមានប្រព័ន្ធសន្តិសុខសង្គម ដែលនេះជាគោលនយោបាយដ៏ល្អឥតខ្ចោះបំផុត មិនអាចកាត់ថ្លៃបាន ក្នុងការការពារបងប្អូនប្រជាពលរដ្ឋចាប់ពីពេលដែលចាប់កំណើតរហូតដល់ស្លាប់ និងបានផ្តល់សេចក្តីទុកចិត្តចំពោះស្ថាប័ន ប.ស.ស. ដែលជាប្រតិបត្តិករតែមួយគត់ក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ ប.ស.ស. បានដេីរតួយ៉ាងសំខាន់ក្នុងការជួយសម្រាលនូវទុក្ខលំបាក នៃជីវភាពរស់នៅក្នុងសង្គមរបស់បងប្អូន ដោយ ប.ស.ស. បានចូលខ្លួនអនុវត្តចាប់តាំងពីពេលដែលចាប់កំណើត ដោយមានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលអាចឲ្យបងប្អូនជាសមាជិក ប.ស.ស. ទៅពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាល ការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ជាមួយនឹងការទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ និងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលផងដែរ នៅពេលសម្រាកមាតុភាព។
    ដោយឡែកនៅពេលដែលបងប្អូនជាសមាជិក ប.ស.ស. ចូលដល់វ័យចំណាស់ រាជរដ្ឋាភិបាលនៅតែបន្តការគាំពារ ដោយបានបង្កើតឲ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលបាននិងកំពុងធ្វើការផ្សព្វផ្សាយនាពេលនេះ។ បន្ថែមលើសពីនេះ នៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ ក៏ ប.ស.ស. នៅតាមផ្ដល់នូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ក៏ដូចជាការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជូនអ្នកដែលរស់នៅក្នុងបន្ទុក ទៅតាមផ្នែកនីមួយៗដូចមានកំណត់នៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ ១វដ្ដជីវិត ពោលគឺចាប់តាំងពីពេលចាប់កំណេីតរហូតដល់ស្លាប់នេះតែម្ដង។
    ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងថា៖ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកែប បានថ្លែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយថ្មីមួយនេះ ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ ការពារបងប្អូនពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល នៅពេលដែលមានជំងឺ មាតុភាព ឬគ្រោះថ្នាក់ផ្សេងៗ ជាពិសេស គឺការពារនៅពេលដែលពលរដ្ឋមានវ័យចំណាស់។
    ជាមួយគ្នានេះ ឯកឧត្តមអភិបាល បានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករនិយោជិតទាំងអស់ ព្យាយាមយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន ប្រកបដោយការពេញចិត្ត និងសាទរដល់រាជរដ្ឋាភិបាល ដែលបង្កើតឲ្យមានប្រព័ន្ធសន្ដិសុខសង្គមនេះ។
    គួរបញ្ជាក់ឲ្យដឹងផងដែរថា ៖ ភូមិសាស្រ្ដខេត្តកែប គឺជាខេត្តទី១០ ហើយ ដែល ប.ស.ស. បានចុះបើកយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន។ ប.ស.ស. បាននិងកំពុងបន្តបង្កើនការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនកម្មករនិយោជិត ធ្វើយ៉ាងណាឲ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ៕

     

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.