Mail |
  • ភាសាខ្មែរ
  • English
  • នារសៀលថ្ងៃទី១៩ នេះ ពិធីបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន បានមកដល់ទឹកដីខេត្តកំពតហើយ

    (កំពត)៖ បន្ទាប់ពីបានបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននៅខេត្តកែប កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ព្រឹកមិញនេះ នៅរសៀលថ្ងៃដដែលនេះ ពិធីបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន បានមកដល់ទឹកដីខេត្តកំពតហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងឯកឧត្តម អ៊ឹង ឆាយ អភិបាលរង នៃគណៈអភិបាលខេត្តកំពត។
    ក្នុងពិធីបើកយុទ្ធនាការខាងលើនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ៧៤ម៉ឺននាក់ហើយ ដែលស្មើនឹង ១ ៥៤៥លើក ទទួលបានការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈការចុះផ្សព្វផ្សាយរបស់ក្រុមការងារ ប.ស.ស.។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងទៀតថា៖ យុទ្ធនាការផ្សព្វផ្សាយរយៈពេល ៩០ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្ដថា៖ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជននេះ គឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានអំពាវនាវទៅដល់ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ព្យាយាមយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន ប្រកបដោយការពេញចិត្ត។
    ឯកឧត្តម អ៊ឹង ឆាយ អភិបាលរង នៃគណៈអភិបាលខេត្តកំពត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋមានវ័យចំណាស់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.