Mail |
  • ភាសាខ្មែរ
  • English
  • កម្ពុជាបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន ដែលបណ្តាប្រទេសមួយចំនួននៅលើពិភពលោកមិនទាន់មាននៅឡើយ

    (សៀមរាប)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននៅខេត្តសៀមរាបនាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា៖ កម្ពុជាគឺជាប្រទេសមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋដែលបម្រើការងារក្នុងវិស័យឯកជន និងបានសម្រេចបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនដ៏សំខាន់មួយនេះឡើង ដែលបណ្តាប្រទេសមួយចំនួននៅលើពិភពលោកមិនទាន់មានឡើយ បើធៀបនិងប្រទេសកំពុងអភិវឌ្ឍដូចគ្នា។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានឱ្យដឹងថា៖ ការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយនូវគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រដើម្បីធានាឱ្យមានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានបន្តថា៖ ប្រសិនបើគ្មានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះទេ នៅពេលដែលបងប្អូនដល់អាយុចូលនិវត្តន៍ វ័យកាន់តែចាស់ សុខភាពចុះខ្សោយមិនអាចប្រកបរបរ ឬធ្វើការពេញលេញដើម្បីរកប្រាក់ចំណូលបាននោះបងប្អូននឹងប្រឈមហានិភ័យខ្ពស់ អាចធ្លាក់ចូលក្រោមបន្ទាត់ភាពក្រីក្រព្រោះនៅពេលដែលឈឺគ្មានថវិកាដើម្បីព្យាបាល ប៉ុន្ដែនៅពេលដែលបងប្អូនមានផ្នែកប្រាក់សោធននេះ បងប្អូននឹងទទួលបានប្រាក់ចូលនិវត្តន៍ រួមទាំងការថែទាំសុខភាពដោយឥតគិតថ្លៃផងដែរ។
    ទន្ទឹមនឹងនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជិត ១លាននាក់ទៅហើយ ដែលទទួលបានការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនដែលនេះ បានបង្ហាញពីការចូលរួមបំពេញនូវកាតព្វកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ និងពេញចិត្តពីសំណាក់បងប្អូនកម្មករនិយោជិតក៏ដូចជាបងប្អូននិយោជក ទទួលយកនូវសមិទ្ធផលដ៏ល្អឥតខ្ចោះដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូន និងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជានោះឡើយ។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ យុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ ដោយបច្ចុប្បន្នបានផ្តល់របបសន្តិសុខសង្គមជូនដល់បុគ្គលក្នុងវិស័យសាធារណៈ និងបុគ្គលក្រោមច្បាប់ស្តីពីការងារហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ ប.ស.ស. នឹងគ្របដណ្តប់ទាំងអស់ដល់បុគ្គលស្វ័យនិយោជន៍ដែលរកស៊ីនៅតាមផ្ទះ និងរត់កង់បីជាដើម។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអំពាវនាវទៅដល់ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ព្យាយាមយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គមប្រកបដោយការពេញចិត្ត។
    ឯកឧត្តមអភិបាលរងបានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជននេះ ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចុះចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋមានវ័យចំណាស់៕

    k

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.