Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បច្ចុប្បន្នបានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជន និងបងប្អូនកម្មករនិយោជិត

    (ភ្នំពេញ)៖ នៅក្នុងពិធីផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជូនដល់មន្ត្រីក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្ត ដែលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ជាការពង្រីកវិសាលភាពបន្ថែម ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និងសេចក្តីប្រាថ្នា ក្នុងការចង់ក្លាយទៅជាសមាជិក ប.ស.ស. ពីសំណាក់បងប្អូននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសបុគ្គលស្វ័យនិយោជន៍ ព្រមទាំងពីសំណាក់សមាជិក ប.ស.ស. ដែលប្រាថ្នាចង់បានការថែទាំសុខភាពទៅដល់សមាជិកគ្រួសាររបស់ខ្លួនបន្ថែមទៀត ពីព្រោះបច្ចុប្បន្ននេះ ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជននិងបងប្អូនកម្មករនិយោជិតរបស់យើង ដែលបានជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។
    ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា ការអនុវត្តកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ ជាសមិទ្ធផលមួយ ដែលបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាចម្បងបំផុត ទៅដល់សុខុមាលភាពរបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មិនទទួលបានការព្យាបាលជំងឺ នៅពេលដែលមានជំងឺនោះឡើយ ដែលនេះជាការគ្របដណ្ដប់ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
    តាមរយៈពិធីផ្សព្វផ្សាយនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការសំណូមពរទៅកាន់បងប្អូនទាំងអស់ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចំងល់ទាំងឡាយពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពថ្មីនេះ ដើម្បីអាចផ្សព្វផ្សាយបន្តអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ ឱ្យបានដល់បងប្អូនកម្មករនិយោជិត អ្នកនៅក្នុងបន្ទុក និងបងប្អូនអាជីវករ ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច។
    ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទីមានកត្តិយសធ្វេីរបាយការណ៍សង្ខេប ជូនអង្គពិធី ដោយឯកឧត្តមបណ្ឌិតបានលេីកឡេីងថាតាមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផែនការផ្សព្វផ្សាយចំនួន ៤ ០០០លើក ក្រុមគោលដៅសរុបប្រមាណ ១លាន២០ម៉ឺននាក់ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន ឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅ ពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដាក់ឱ្យអនុវត្តនាពេលថ្មីៗកន្លងមកនេះ។
    ជាលទ្ធផលនៃយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជន នៅទូទាំងប្រទេស គិតត្រឹមម្សិលមិញនេះ បានផ្សព្វផ្សាយសរុបចំនួន ១ ០៤៩លើក ដែលមានអ្នកចូលរួមចំនួន ៣៥៣ ០៥៧នាក់ ស្មើនឹង ៣០%នៃផែនការដែលបានគ្រោងទុក។
    សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅ នៅសណ្ឋាគារភ្នំពេញដោយកម្មវិធីធ្វើឡើងមាន ២ពេល
    – ពេលព្រឹក ដោយមានវត្តមានអញ្ជើញចូលរួមពីមន្រ្តីក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំ ប.ស.ស. សរុបប្រមាណជាង ៣០០រូប។
    – ពេលរសៀល ដោយមានវត្តមានអញ្ជើញចូលរួមពីសហព័ន្ធសហជីព និងសមាគម សរុបប្រមាណជាង ៦០០នាក់។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.