១.កាតព្វកិច្ច និងអត្រានៃការបង់ភាគទាន
និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្រោមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីការងារ បានចុះបញ្ជិកាក្នុងប.ស.ស. និងមានកម្មករនិយោជិតចាប់ពី ៨ (ប្រាំបី)នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចបង់ភាគទានផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាពជូនដល់ ប.ស.ស. និងផ្នែកផ្សេងៗទៀត។
១.១.ផ្នែកហានិភ័យការងារ
ភាគទានផ្នែកហានិភ័យការងារ គឺជាកាតព្វកិច្ចដោយឡែករបស់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន។ កម្មករនិយោជិតមិនតម្រូវឱ្យមានកាតព្វកិច្ចក្នុងការ បង់ភាគទានផ្នែកនេះទេ។
អត្រាភាគទានផ្នែកហានិភ័យការងារជាអត្រាឯកភាព ដែលត្រូវបានកំណត់ស្មើនឹង ០,៨(សូន្យក្បៀសប្រាំបី)ភាគរយ នៃប្រាក់ឈ្នួលមធ្យមក្នុងលំដាប់ថ្នាក់ នៃប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិត។
២.កាលបរិច្ឆេទនៃការបង់ភាគទាន
កាលបរិច្ឆេទនៃការចាប់ផ្តើមបង់ភាគទានដំបូង ត្រូវបានកំណត់ក្នុងអំឡុងពេល ៣០ (សាមសិប)ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទ ដែលប.ស.ស. បានចេញ “វិញ្ញាបនបត្របញ្ជិកា សហគ្រាស គ្រឹះស្ថាន”។ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវបង់ភាគទានសម្រាប់ខែនីមួយៗយ៉ាងយូរបំផុតនៅថ្ងៃទី១៥ នៃខែបន្ទាប់។ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដែល ខកខានមិនបានបង់ភាគទានតាមកាលបរិច្ឆេទ ដែលបានកំណត់ត្រូវបង់បន្ថែមនូវការប្រាក់ប្រចាំខែតាមអត្រាពីរ (២) ភាគរយ នៃចំនួនភាគទានជាក់ស្តែងដែលត្រូវបង់ក្នុងខែនីមួយៗ និងត្រូវទទួលការពិន័យជាប្រាក់ ដូចមានចែងក្នុងមាត្រា ៣៦ នៃ ច្បាប់ស្តីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។
៣. នីតិវិធី និងបែបបទបង់ភាគទាន
និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវបង់ភាគទានចូលទៅក្នុងគណនីរបស់ប.ស.ស. ដែលស្ថិតក្នុងធានាគារ ACLEDA។ ការបង់ភាគទាន អាចត្រូវបានអនុវត្តតាមរបៀបដូចខាងក្រោម៖
- និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន អាចបង់ផ្ទាល់នៅធនាគារដូចមុនដដែល ឬ
- និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន អាចបង់តាមរយៈ ACLEDA Unity ឬ Internet Banking។ ការចំណាយលើសេវាកម្មនេះគឺជាបន្ទុកផ្ទាល់របស់និយោជក។
បន្ទាប់មកនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវយកឯកសារដែលបានបង់ភាគទានមក ប.ស.ស. តាមរបៀបដូចខាងក្រោម៖
- បញ្ជូនឯកសារដោយផ្ទាល់មក ប.ស.ស. ឬសាខា ប.ស.ស. ខេត្ត/ខ័ណ្ឌ ឬ
- បញ្ជូនឯកសារតាមរយៈសាអេឡិចត្រូនិច contribution@nssf.gov.kh
ចំពោះ ឯកសារដែលនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានភ្ជាប់មក ប.ស.ស. មានដូចជា៖
- បញ្ជិកាកម្មករនិយោជិត (E-Form)
- តារាងបើកបៀវត្ស(Payroll list)
- លិខិតប្រកាសបង់ភាគទាន
- លិខិតបញ្ជាក់ពីនិយោជក(Form B)
- បង្កាន់ដៃបង់ប្រាក់ពីធនាគារ(Bank slip)
ករណីឯកសារដែលនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន បញ្ជូនតាមរយៈ Email ឬ Web application ត្រូវស្កេនឯកសារមាន លិខិតប្រកាសបង់ភាគទាន, លិខិតបញ្ជាក់ពីនិយោជក និងបង្កាន់ដៃបង់ប្រាក់ពីធនាគារ និង Copy Soft មាន E-form និង Payroll list។
ប.ស.ស. ពិនិត្យឃើញថាត្រឹមត្រូវហើយ នឹងចេញលិខិតបញ្ជាក់ការបង់ភាគទានជូនទៅនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានវិញ។
៤.ការត្រួតពិនិត្យសៀវភៅបើកប្រាក់ និងបញ្ជីឈ្មោះកម្មករនិយោជិត
និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវផ្តល់សៀវភៅបើកប្រាក់ (តារាងបើកប្រាក់បៀវត្សនីមួយៗ) បញ្ជីឈ្មោះកម្មករនិយោជិត និងឯកសារពាក់ព័ន្ធផ្សេងៗជូន ប.ស.ស. ដើម្បីពិនិត្យនៅពេលចាំបាច់។
៥.បទដ្ឋានគតិយុត្ត
- ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
- ប្រកាសលេខ១០៨ កប/ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីការកំណត់អត្រាភាគទាន និងបែបបទនៃការបង់ភាគទានសម្រាប់ផ្នែកហានិភ័យការងារ
- ប្រកាសលេខ២៩៤ កប/ប្រក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលប្រការ៣ ប្រការ៤ និង ប្រការ៥ នៃប្រកាសលេខ១០៨ កប/ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីការកំណត់អត្រាភាគទាន និងបែបបទនៃការបង់ភាគទានសម្រាប់ផ្នែកហានិភ័យការងារ
- សេចក្តីជូនដំណឹងលេខ១០/១៤ ប.ស.ស. ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីនៃការបង់ភាគទាន។