ក្រុមការងារ​​ទប់ស្កាត់​​ករណី​​សន្លប់ និង​បង្កា​រ​គ្រោះថ្នាក់​​ការងារ​​របស់​​កម្មករ​​និយោជិត តាម​សហគ្រាស គ្រឹះស្ថាន នៃបេឡាជាតិ​សន្តិសុខ​សង្គម ​(ទ.ស.ប.ក) បង្កើត​​ឡើងក្នុងឆ្នាំ២០១៥ ជា​ក្រុមការងារមានសមាសភាពមកពីអង្គភាពជំនាញៗ ដែលមានបទពិសោធពាក់ព័ន្ធនឹងករណី កម្មករនិយោជិត​មានអាការៈទន់ដៃទន់ជើង សន្លប់​ លក្ខខណ្ឌអនាម័យ និងសុវត្ថិការងារ លក្ខខណ្ឌការងារ និងរបបសន្តិសុខសង្គម​។ ក្រុមការងារត្រូវបានបន្ថែម និងកែសម្រួលសមាស ភាពមួយចំនួនដោយ សេចក្តីសម្រេចលេខ ០៩០/២១ ក.ប/ស.ស.រ.ប.ស.ស. ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១  ដើម្បីឲ្យការអនុវត្តការងារ​កាន់តែមានប្រសិទ្ធភាព និងចីរភាព។ ក្រុមការងារ​​នេះមាន​​តួនាទី​ភារកិច្ច ដូចជា៖

  • សិក្សា​​ស្រាវជ្រាវ និង​ពិនិត្យ​​រកមូល​​ហេតុ​សន្លប់
  • ចាត់​វិធាន​​ការ​សង្គ្រោះបន្ទាន់ និង​ទប់ស្កាត់​ការ​​សន្លប់របស់​​កម្មករ​​និយោជិត​​នៅកន្លែង​ការងារ
  • សម្រប​សម្រួល និង​សហការ​​ជាមួយ​​មន្ទីរពេទ្យ ពហុព្យាបាល ដើម្បី​​បង្កើត​​រូបមន្ត​ព្យាបាល​​សន្លប់ និង​កំណត់​​ពី​តម្លៃ​ព្យាបាល
  • សម្រប​សម្រួល សហការ​​ជាមួយ​​ ក្រសួង ស្ថាប័ន អង្គភាព និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​​ដឹក​​ជនរង​​គ្រោះទៅសង្រ្គោះ​​បន្ទាន់​នៅ​មន្ទីរពេទ្យ ពហុព្យាបាល​​ប្រកប​​ដោយ​​សុវត្ថិភាព
  • ផ្តល់យោបល់លើបញ្ហាហានិភ័យសំណង់ អគ្គិភ័យ អនាម័យ សុវត្ថិភាព សុខភាព និងលក្ខខណ្ឌការងារ
  • ផ្តល់យោបល់ និងលើក​សំណើរ​ចាត់វិធាន​ការបង្ការ​ហានិភ័យ​ការងារជូន​អគ្គនាយក ប.ស.ស.។ អគ្គនាយក ប.ស.ស. ត្រូវរាយការណ៍​បន្តជូន ឯកឧត្តម​​រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ពិនិត្យ​សម្រេច និងស្នើសុំ​អនុសាសន៍​ណែនាំសម្រាប់​អនុវត្តបន្ត
  • រៀបចំណែនាំ និងប្រជុំ​ផ្សព្វផ្សាយ​អប់រំកម្មវិធី​បង្ការគ្រោះថ្នាក់​ការងារ
  • អនុវត្តភារកិច្ច​ផ្សេងៗ​ទៀត​តាមការប្រគល់​ភារកិច្ច​របស់អគ្គ​នាយក ប.ស.ស. ។