Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងជំរុញការរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករនិយោជិត

    កំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានអញ្ជើញជាសហធិបតីបើកពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” នៅរោងចក្រ WING STAR SHOES CO., LTD. ស្ថិតនៅខេត្តកំពង់ស្ពឺ។
    ឯកឧត្ដមបណ្ឌិត អគ្គនាយករង ប.ស.ស. បានបង្ហាញពីយុទ្ធសាស្ត្រដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារឆ្នាំ២០២៤-២០២៨ ខណៈបច្ចុប្បន្ន ប.ស.ស. កំពុងគិតគូរជំរុញឱ្យមានកិច្ចសហការ និងរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករនិយោជិតសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់កម្មករនិយោជិតឱ្យបានជាអតិបរមា ស្របទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
    ឯកឧត្ដមបណ្ឌិត បានបន្តទៀតថា៖ «ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កម្មករនិយោជិត ប.ស.ស. បានកំណត់នូវសកម្មភាព សិក្សា សហការ និងរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករនិយោជិត សំដៅលើកកម្ពស់កម្មវិធីបង្ការហានិភ័យការងារ ដោយត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអ្នកបើកបរយានយន្តដឹកកម្មករនិយោជិតជាប្រចាំ»។
    ឯកឧត្ដមបណ្ឌិត បានបន្ថែមទៀតថា ការសិក្សាអំពីជម្រើសក្នុងការជំរុញការផ្លាស់ប្តូររថយន្តកែច្នៃដែលដឹកកម្មករនិយោជិតបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករនិយោជិត គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬអង្គភាពណាមួយច្បាស់លាស់ យ៉ាងយូរត្រឹមឆ្នាំ២០២៧។
    ជាមួយគ្នានេះ ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អ្នកបើកបរ និងក្រើនរំឭកដល់បងប្អូនកម្មករនិយោជិត ឱ្យចូលរួមយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នខ្ពស់។
    ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានថ្លែងអរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់គ្នាបានយល់ដឹងបន្ថែមលើច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.