Mail |
  • ភាសាខ្មែរ
  • English
  • អ្នកសារព័ត៌មានជាតិដែលឆ្នើម នឹងទទួលបានពានរង្វាន់ ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់សារព័ត៌មានឆ្នើមស្ដីពី ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្ដីពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអ្នកសារព័ត៌មានជាតិ ដែលរៀបចំឡើងដោយអង្គការអុកស្វាម ត្រូវបានប្រកាសចាប់ផ្ដើមប្រកួតនៅព្រឹកនេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្តីទី នៃក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គមនៅកម្ពុជា ជូនដល់អ្នកសារព័ត៌មានជាតិ ក្រោមមូលបទ «ឆ្ពោះទៅការពង្រឹងគណនេយ្យភាពសង្គម នៅក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា» នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ថែមថា នាពេលបច្ចុប្បន្នវិស័យសន្តិសុខសង្គមកំពុងមានសន្ទុះចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយការបង្កើតកម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្ដីពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាកត្តាមួយជួយជំរុញលើកស្ទួយវិស័យសារព័ត៌មានកម្ពុជា ឱ្យមានភាពលេចធ្លោ ដើម្បីជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបង្កើនការផ្សព្វផ្សាយទាក់ទងវិស័យសន្តិសុខសង្គម ប្រកបដោយភាពត្រឹមត្រូវ ពិតប្រាកដ និងច្បាស់លាស់។
    វគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានលើកទឹកចិត្ត ដល់សិក្ខាកាម ដែលជាអ្នកសារព័ត៌មានជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីទទួលបានគុណភាព សមត្ថភាពពេញលេញនៅក្នុងអាជីពជំនាញរបស់ខ្លួន ជាពិសេស គឺអាចទទួលជោគជ័យ នៅក្នុងកម្មវិធីប្រកួតប្រជែងផ្សព្វផ្សាយនឹងរបបសន្ដិសុខសង្គមខាងលើប្រកបដោយភាពជឿជាក់ តាមរយៈបទពិសោធន៍ ស្នាដៃ ចំណេះដឹង ក្នុងវិស័យសារព័ត៌មានរបស់ខ្លួនផងដែរ ។
    ជាមួយគ្នានេះដែរ លោកស្រី ភាណ សោភ័ណ នាយិកាប្រចាំប្រទេសរបស់អង្គការអុកស្វាម ក៏បានលើកឡើងផងដែរថា អ្នកសារព័ត៌មានដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពាំនាំកង្វល់ មតិយោបល់ និងធាតុចូលនានាពីប្រជាពលរដ្ឋ អ្នកឯកទេស សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ប្រកបដោយបរិយាបន្ន ក្នុងការអនុវត្តគោលនយោបាយ ក៏ដូចជាកម្មវិធី និងអន្តរាគមន៏នានា ដែលបានដាក់ឱ្យអនុវត្តន៍ដោយរាជរដ្ឋាភិបាល។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានជាតិ និងភាគីពាក់ព័ន្ធ សរុបប្រមាណជា ៨០រូប ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.