Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. អញ្ចើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី ”ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦“ នៅខេត្តព្រៃវែង

    ព្រៃវែង៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្តិសុខសង្គម តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី ”ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦“ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
    ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានជំរុញ និងណែនាំទៅដល់មន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការរឹតបន្ដឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការរក្សាសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងត្រូវមានសីលធម៌ និងវិន័យ ស័ក្តិសមជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមនសិការវិជ្ជាជីវៈ ពិសេសត្រូវបង្កើនការផ្សព្វផ្សាយ និងអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវ ជាពិសេសធានាដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។
    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានផ្តាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចងចាំថា មានតែស្មារតីទទួលខុសត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ ប្រកាន់សីលធម៌យោគយល់គ្នា នោះទើបធ្វើឱ្យជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលបាននូវសេចក្តីសុខសុវត្ថិភាពតាមដងផ្លូវជានិច្ច។
    នៅទីបញ្ចប់នៃកម្មវិធី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់មួកសុវត្ថិភាពជានិមិត្តរូបជូនដល់តំណាងចំនួន ១៥រូប និងថតរូបអនុស្សាវរីយ៍ផងដែរ។
    សូមបញ្ជាក់ថា ពិធីនេះរៀបចំដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅសួនច្បារសម្ដេចក្រឡាហោម ស ខេង សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ២០០០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.