(ភ្នំពេញ)៖ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្ដិសុខសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី២ លើកទី២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ភាគីតំណាងរាជរដ្ឋាភិបាល ភាគីតំណាងនិយោជក ភាគីតំណាងសមាជិក ប.ស.ស. ដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ចំនួន ០៨រូប និងប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដោយផ្តោតសំខាន់ទៅលើរបៀបវារៈចំនួន៣ រួមមាន៖ ទី(១). សេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម ទី(២). សេចក្តីព្រាងអនុក្រឹត្យស្ដីពីការកំណត់អត្រាភាគទានក្នុងរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងទី(៣). ពិនិត្យលើបញ្ជីបេក្ខភាពសមាជិកឯករាជ្យ នៃក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម នៃ ប.ស.ស.៕