Mail |
  • ភាសាខ្មែរ
  • English
  • NSSF

    ប័ណ្ណសមាជិក ប.ស.ស. មានសារៈសំខាន់ និងមានតម្លៃណាស់នៅពេលមាន ជំងឺ ឬគ្រោះថ្នាក់ៗផ្សេងៗ

    (ភ្នំពេញ)៖ “ប័ណ្ណសមាជិក ប.ស.ស. ដែលមានសុពលភាព ពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់នៅពេលបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលជាសមាជិក ប.ស.ស. មានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដែលត្រូវការការព្យាបាល នោះ ប.ស.ស. នឹងផ្ដល់ជូនថ្លៃព្យាបាលទាំងស្រុងដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ រួមទាំងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗផងដែរ ស្របតាមលក្ខខណ្ឌកំណត់ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម”។
    នេះជាការថ្លែងឡើងពីសំណាក់ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសឯកឧត្តមអញ្ជើញបើកពិធីផ្សព្វផ្សាយស្តីពី “គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនដល់តំណាងសហគ្រាស គ្រឹះស្ថានសរុបប្រមាណជា ១៥០នាក់ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
    ឯកឧត្តមអគ្គនាយករង បានបញ្ជាក់ទៀតថា ដើម្បីមានសិទ្ធិទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ ទាមទារឱ្យតំណាងសហគ្រាស គ្រឹះស្ថានទាំងអស់ចូលរួមអនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវ តាមរយៈការប្រមូល និងបង់ភាគទានឱ្យបានទៀងទាត់ រាយការណ៍ចំនួនបុគ្គលិក និងប្រាក់បៀវត្សឱ្យបានជាក់លាក់ និងត្រឹមត្រូវមក ប.ស.ស. ដើម្បីរក្សាបាននូវអត្ថប្រយោជន៍របបសន្ដិសុខសង្គម ជូនកម្មករនិយោជិត និងការរក្សាបាននៅកំណើនសមិទ្ធផលនៅក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួនផងដែរ។
    ឯកឧត្តមអគ្គនាយករង បានបន្តថា តាមរយៈពិធីផ្សព្វផ្សាយពេញមួយព្រឹកនេះ ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់នឹងចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ ជាពិសេសគឺការចូលរួមផ្សព្វផ្សាយបន្តនូវអត្ថប្រយោជន៍របបសន្ដិសុខសង្គម ជូនដល់បងប្អូនកម្មកនិយោជិត និងបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ជាមួយក្រុមការងារ ប.ស.ស. ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលជាប្រយោជន៍សម្រាប់ស្ថាប័នខ្លួន ក៏ដូចជាអត្ថប្រយោជន៍របស់កម្មករនិយោជិតខ្លួនផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.