(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំមន្ត្រីជំនាញអម ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការទី២ នៃរដ្ឋសភា ដែលជាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ក្រោមការដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ រដ្ឋសភា។
កិច្ចប្រជុំពេញមួយព្រឹកនេះ មានគោលបំណងពិនិត្យ និងពិភាក្សាអំពីវិសាលភាព វឌ្ឍនភាព និងបញ្ហាប្រឈម ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលសំដៅដល់ការអនុវត្តប្រព័ន្ធសន្ដិសុខសង្គម និងការអនុវត្តប្រព័ន្ធជំនួយសង្គម ដែលមានក្នុងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជាការត្រៀមរៀបចំធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់សមាជរដ្ឋសភា និងព្រឹទ្ធសភានាពេលខាងមុខ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងពាក់ព័ន្ធរួមមាន៖ គណៈកម្មការទី២ នៃរដ្ឋសភា ទីស្ដីការគណៈរដ្ឋមន្រ្ដី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សរុបប្រមាណជា ៤០រូប នៅវិមានរដ្ឋសភា៕