(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំបេឡាជាតិសន្ដិសុខសង្គម ព្រមទាំងថ្នាក់ដឹកនាំ ប.ស.ស. បានអញ្ជើញចូលរួមពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ស្ថិតក្នុងបរិវេណរូបសំណាក់ លោកយាយពេញ រមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ។
ពិធីបេីកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានរៀបចំឡេីង ២ឆ្នាំហើយ បើគិតទាំងឆ្នាំ២០២៥នេះ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បានឆ្លុះបញ្ចាំងពីចលនាជាតិក្នុង «ស្មារតីខ្មែរជួយខ្មែរ» បន្ដបេសកកម្មរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារកម្ពុជា ដែលចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី១ និងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
ដើម្បីចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉េង ហុង ប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំបេឡាជាតិសន្ដិសុខសង្គម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងបុគ្គលិកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចូលរួមចែករំលែកនូវក្ដីស្រឡាញ់តាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសុខភាពទារក និងកុមារនៅកម្ពុជាផងដែរ៕