(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវគ្គបណ្តុះបណ្ដាលស្ដីពី “ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ” ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សំដៅចូលរួមចំណែកគោរពសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិជនពិការភាព និងសិទ្ធិដទៃទៀតនៅក្នុងសង្គម។
វគ្គបណ្តុះបណ្តាលខាងលើប្រព្រឹត្តទៅមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដែលត្រូវបានរៀបចំឡើងដោយក្រុមការងារយេនឌ័រស្រ្តីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានវត្តមានលោកជំទាវ សើង សុចិន្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការយេនឌ័រ និងមានវត្តមានរបស់លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សរុបប្រមាណ ២៦០រូប នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានលើកឡើងថា ការពង្រឹងសមត្ថភាពរបស់ជនបង្គោលយេនឌ័រ គឺជាកិច្ចការអាទិភាព ដែលចាប់តាំងពីឆ្នាំ២០១៣មក ក្រសួងបានរៀបចំវគ្គបណ្តុះបណ្តាលនេះបានចំនួន ១១លើក រួចមកហើយ ជាពិសេសក្នុងបំណងដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ការចូលរួម និងការគោរពសិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិជនពិការភាព និងសិទ្ធិដទៃទៀតក្នុងសង្គម និងលើកកម្ពស់ការគោរពច្បាប់ ក៏ដូចជាកាត់បន្ថយការរើសអើងគ្រប់រូបភាព ជូនដល់បងប្អូនកម្មករនិយោជិត សិស្សនិស្សិត សមាជិកប.ស.ស. និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងប្រទេស។