(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារបច្ចេកទេសអន្ដរក្រសួងសម្រាប់ចុះបញ្ជីមន្រ្ដីសាធារណៈ ចូលមកក្នុង ប.ស.ស. បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិនិត្យលើបច្ចុប្បន្នភាពនីតិវិធីនៃការគ្រប់គ្រង និងការបញ្ជូនឈ្មោះមន្ត្រីសាធារណៈ និងមន្រ្ដីចូលនិវត្តន៍ មក ប.ស.ស. ដើម្បីផ្ដល់ប័ណ្ណសមាជិក ប.ស.ស. ឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីក្រុមការងារបច្ចេកទេសអន្ដរក្រសួង មកពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងមុខងារសាធារណៈ និងតំណាងមូលនិធិជាតិជំនួយសង្គម សរុបប្រមាណជា ២០នាក់ នៅសាលប្រជុំក្រុមប្រឹក្សាភិបាល ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ៕