(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកពិធីផ្សព្វផ្សាយស្ដីពី “គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនដល់បណ្តាតំណាងម្ចាស់សហគ្រាស គ្រឹះស្ថាន និងសមាគមសហគ្រិនស្រ្តីកម្ពុជា(CWEA) សរុបប្រមាណ ១៥០នាក់ នៅសាលប្រជុំជាន់ទី៩ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
មានប្រសាសន៍បើកពិធីផ្សព្វផ្សាយ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ដែលមានកម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជីជាមួយ ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ជាពិសេសអ្នកក្នុងបន្ទុក ក៏អាចមកចុះបញ្ជីជាសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស. ដែលនៅជិត ដើម្បីទទួលបានការព្យាបាលជំងឺនៅមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
បន្ទាប់ពីពិធីផ្សព្វផ្សាយពេញមួយព្រឹកនេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. សង្ឃឹមយ៉ាងមុតមាំថាម្ចាស់សហគ្រាស គ្រឹះស្ថាន និងសមាគមសហគ្រិនស្រ្តីកម្ពុជា ដែលបានចូលរួមនឹងអនុវត្តកាតព្វកិច្ចដែលមានចែងជាធរមាន នឹងបន្ដផ្សព្វផ្សាយបន្ថែមទៀតគ្រប់រូបភាព ជាពិសេសសូមបង្កើនការទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធប្រសើរជាងមុនជាមួយនឹងក្រុមការងារ ប.ស.ស. ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលប៉ះពាល់ដល់ប្រយោជន៍ស្ថាប័នខ្លួន ក៏ដូចជាអត្ថប្រយោជន៍របស់កម្មករនិយោជិតផងដែរ៕