Mail |
  • ភាសាខ្មែរ
  • English
  • សហព័ន្ធសហជីព ជាតួអង្គដ៏សំខាន់ក្នុងការផ្សព្វផ្សាយបន្ត និងដោះស្រាយបញ្ហាប្រឈមជូនបងប្អូនកម្មករនិយោជិត ពាក់ព័ន្ធនឹងការអនុវត្តរបបសន្ដិសុខសង្គម

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីផ្សព្វផ្សាយស្តីពី ការអនុវត្តរបបសន្ដិសុខសង្គម ជូនសហព័ន្ធសហជីព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា តំណាងសហព័ន្ធសហជីព ជាតួអង្គ និងជាដៃគូសហការដ៏សំខាន់ក្នុងសកម្មភាពចូលរួមផ្សព្វផ្សាយបន្ត អំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងការពារសិទ្ធិ និងផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិតពាក់ព័ន្ធនឹងវិស័យសន្ដិសុខសង្គម។
    ឯកឧត្តមអគ្គនាយករង បានមានប្រសាសន៍បន្ថែមទៀតថា ពិធីផ្សព្វផ្សាយនេះ គឺជាការពង្រឹងការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងបច្ចុប្បន្នភាព និងវឌ្ឍនភាព នៃការអនុវត្តរបបសន្ដិសុខសង្គម ដែលរាជរដ្ឋាភិបាល បានដាក់ចេញថ្មីៗ ដើម្បីឱ្យថ្នាក់ដឹកនាំ និងតំណាងសហព័ន្ធសហជីពទាំងអស់ ទទួលបានមូលដ្ឋានច្បាស់លាស់ ដែលអាចយកទៅផ្សព្វផ្សាយបន្ដឱ្យបានគ្រប់ជ្រុងជ្រោយ និងសហការធ្វើសកម្មភាពរួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ដល់សមាជិក ប.ស.ស. ពិសេសបងប្អូនកម្មករនិយោជិត។
    ក្នុងឱកាសជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយករង បានសំណូមពរដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីព និងបងប្អូនកម្មករនិយោជិត ប្រសិនបើបានទទួលព័ត៌មានអំពីភាពមិនប្រក្រតីណាមួយអំពីការមិនអនុវត្តកាតព្វកិច្ចរបស់និយោជក និងការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ឬមានបញ្ហាប្រឈមពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ ប.ស.ស. សូមរាយការណ៍មកកាន់លេខ Hotline: ១២៨៦/១២៩៧ ឬតាមរយៈប្រអប់បណ្ដឹងអនាមិក ដើម្បី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់វិធានការ និងដោះស្រាយជូនបានទាន់ពេលវេលា។
    សូមបញ្ជាក់ថា ពិធីផ្សព្វផ្សាយពេញមួយព្រឹកនេះ មានការធ្វើបទបង្ហាញពីមន្រ្ដីជំនាញ ប.ស.ស. ជូនដល់ថ្នាក់ដឹកនាំ និងតំណាងសហព័ន្ធសហជីព ដែលចូលរួមប្រមាណជា ៣០០នាក់ ប្រព្រឹត្តទៅនៅសាលប្រជុំសន្ដិភាព ទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.