(ខេត្តកំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកពិធីផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងសិស្សនគរបាល នៃសាលានគរបាលជាតិភូមិភាគ៦ សរុបប្រមាណជាង ៣០០នាក់។
ថ្លែងក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានលើកឡើងថា ការផ្ដល់ការថែទាំសុខភាពជូនដល់និស្សិតនគរបាល និងសិស្សនគរបាលនេះ គឺទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល ក្នុងការពង្រីកវិសាលភាព នៃការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិតនគរបាល និងសិស្សនគរបាល នៅពេលពួកគាត់មានបញ្ហាសុខភាព មាតុភាព ឬមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ នោះនិស្សិតនគរបាល និងសិស្សនគរបាល អាចទទួលបានសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃតាមរយៈ ប.ស.ស. ក្នុងអំឡុងពេលកំពុងសិក្សានេះផងដែរ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្តទៀតថា ពិធីផ្សព្វផ្សាយនៅថ្ងៃនេះ ធ្វើឡើងដើម្បីឱ្យសិស្សនគរបាលនៅសាលានគរបាលជាតិភូមិភាគ៦ទាំងអស់ បានចូលរួមឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាពថ្មីៗ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដែលនឹងក្លាយជាមូលដ្ឋានក្នុងការយកទៅអនុវត្ត និងផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ក្នុងឱកាសជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ តុង អាន នាយកសាលានគរបាលជាតិភូមិភាគ៦ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានយ៉ាងសកម្ម និងរៀបចំបទបង្ហាញយ៉ាងលម្អិត និងមានសារៈសំខាន់នេះឡើង ដើម្បីឱ្យថ្នាក់ដឹកនាំ និងសិស្សនគរបាល នៃសាលានគរបាលជាតិភូមិភាគ៦ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍របស់ខ្លួនដែលទទួលបានពី ប.ស.ស.៕