(រតនគិរី)៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងវេទិកាថ្នាក់តំបន់ភូមិភាគឦសាន្តស្តីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន។
ឯកឧត្តមបណ្ឌិតអគ្គនាយករងបានថ្លែងថា ក្នុងវេទិកាថ្នាក់តំបន់នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជាតាមរយៈកិច្ចសន្ទនាសង្គម រវាងថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ជាមួយនឹងនិយ័តករ និងប្រតិបត្តិករសន្តិសុខសង្គម ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម ផែនការរបស់បេឡាជាតិសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ១,៥លាននាក់ ដើម្បីធានាកិច្ចគាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ នៅកម្ពុជា និងពង្រឹងកិច្ចសហការគ្នា រវាងនិយ័តករ និងប្រតិបត្តិករសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ តំណាងកម្មករនិយោជិត និងតំណាងនិយោជក ដើម្បីស្តាប់អំពីកង្វល់ សំណើ និងចងក្រងធាតុចូលនានា ដែលជាឧត្តមប្រយោជន៍ដល់ការអនុវត្តគោលនយោបាយកិច្ចគាំពារសង្គម។
សូមបញ្ជាក់ថា៖ វេទិកាខាងលើនេះ រៀបចំឡើងដោយអង្គការអុកស្វាម (OXFAM) ដែលប្រព្រឹត្តទៅដោយផ្ទាល់ នៅភោជនីយដ្ឋាន រតនៈ លីណា ខេត្តរតនគិរី ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ ប.ស.ស. និងតំណាងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលខេត្តរតនគិរី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងអង្គការអុកស្វាម (OXFAM) និងតំណាងក្រសួង ស្ថាប័នជាតិ-អន្តរជាតិ ជាច្រើនទៀត សរុបប្រមាណ ២៥០រូប៕



















