ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានសហការជាមួយ និយ័តករមូលបត្រកម្ពុជា រៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់អំពីឧបករណ៍វិនិយោគ និងហិរញ្ញប្បទានក្នុងវិស័យមូលបត្រ” នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។
សិក្ខាសាលាខាងលើរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធវិស័យមូលបត្រ និងអត្ថប្រយោជន៍សំខាន់ៗ នៃការវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា។
សូមបញ្ជាក់ថា សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមសហធិបតីភាព ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃ ប.ស.ស. ប្រមាណជា១៥០រូប៕















