Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពជាងមុនយ៉ាងយូរត្រឹមឆ្នាំ ២០២៧

    (កណ្តាល)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានថ្លែងថា ប. ស.ស. បានបន្តជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពជាងមុនយ៉ាងយូរត្រឹមឆ្នាំ ២០២៧ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់កម្មករនិយោជិត ឱ្យនៅកម្រិតទាប។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតអគ្គនាយករង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត” នៅរោងចក្រ SUNFAIR GARMENT CO., LTD. នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តកណ្តាល។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្តទៀតថា ដើម្បីអនុវត្តឱ្យស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពង្រីកវិសាលភាពការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា ស្តីពីការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព ក្នុងនោះក្រុមការងារ ស.ផ.ក នៃ ប.ស.ស. បានពង្រីកទំហំគោលដៅឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា ចំពោះរាជធានី/ខេត្ត ចំនួន១៦ ដែលមានអត្រាប្រមូលផ្តុំទៅដោយរោងចក្រ និងសហគ្រាស ព្រមទាំងមានបរិមាណកម្មករនិយោជិតកំពុងធ្វើដំណើរតាមរថយន្តច្រើនជាងគេ ដើម្បីអនុវត្តធ្វើការកែលម្អទៅលើរថយន្តប្រភេទដឹកទំនិញដឹកកម្មករឈរចំនួន ១៨២៤គ្រឿង ដែលត្រូវកែលម្អឱ្យទៅជារថយន្តមានផាសុកភាព និងសុវត្ថិភាព សម្រាប់ដឹកកម្មករនិយោជិត នៅត្រឹមបំណាច់ឆ្នាំ២០២៧ ខាងមុខនេះ។
    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានអំពាវនាវដល់រោងចក្រ សហគ្រាស និងក្រុមហ៊ុន ទាំងអស់ដែលមានតម្រូវការកម្លាំងពលកម្មឱ្យទទួលយកបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃវិញទទួលបានឱកាសការងារនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនរបស់ខ្លួន និងសម្រួលឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្តោះអាសន្នណាមួយ ដើម្បីបង្កភាពងាយស្រួលបន្ថែមទៀតជូនបងប្អូនពលករ ហើយលើសពីនេះ ក្រសួងក៏នឹងជំរុញឱ្យរោងចក្រ សហគ្រាស និងក្រុមហ៊ុន សហការផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្មមកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង និងការចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសន៍ជ្រើសរើសបុគ្គលិកដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ដែលក្រសួងរៀបចំក្នុងករណីមានតម្រូវការជ្រើសរើសបុគ្គលិក៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.