(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ តំណាងក្រសួងសុខាភិបាល តំណាងទីភ្នាក់ជាតិបញ្ជាក់ចំណាយ
តំណាងការិយាល័យស្រុកប្រតិបត្តិ និងតំណាងមូលដ្ឋានសុខាភិបាលរដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ ដែលជាដៃគូផ្ដល់សេវាជូនសមាជិក ប.ស.ស. ប្រមាណជា ១៥០នាក់ បានចូលរួមសិក្ខាសាលាស្ដីពីការលើកកម្ពស់ និងពង្រឹងភាពជាដៃគូរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាល ដែលរៀបចំឡើងនៅទីស្នាក់ការកណ្ដាល ប.ស.ស. ក្រោមអធិបតីភាព ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
មានប្រសាសន៍ក្នុងកម្មវិធីបើកសិក្ខាសាលានេះ ឯកឧត្តមអគ្គនាយករង បានថ្លែងឡើងថា បច្ចុប្បន្នសមាជិក ប.ស.ស. បានកើនឡើងដល់ជាង ៣,៣លាននាក់ ដែលតម្រូវការប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យនឹងមានកើនឡើងផងដែរ ដូចនេះកិច្ចសហការល្អរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលដៃគូ នឹងជួយធានាដល់ការផ្តល់សេវាជូនសមាជិក ប.ស.ស. ដោយរលូន និងកាន់តែប្រសើរ។ សិក្ខាសាលានាឱកាសនេះ រៀបចំឡើងក្នុងន័យបើកឱកាសជូនភាគីពាក់ព័ន្ធលើកពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជាមួយគ្នាសំដៅធានាបាននូវកិច្ចសហការល្អ។
តាមរយៈសិក្ខាសាលានេះ ឯកឧត្តមអគ្គនាយករង បានបញ្ជាក់យ៉ាងច្បាស់ថា ប.ស.ស. នឹងបន្តយន្តការទូទាត់ថ្លៃព្យាបាលរបស់សមាជិក ប.ស.ស. ជូនមូលដ្ឋានសុខាភិបាលឱ្យបានកាន់តែឆាប់រហ័ស តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប ក្នុងស្មារតីជាដៃគូល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋានសុខាភិបាលដៃគូ ប៉ុន្ដែទន្ទឹមនេះ មូលដ្ឋានសុខាភិបាលដៃគូ ត្រូវប្រកាន់ខ្ជាប់នូវជំហរជាដៃគូល្អ ក្នុងការផ្ដល់សេវាកាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរជូនដល់សមាជិក ប.ស.ស.។
ក្នុងសិក្ខាសាលាពេញមួយថ្ងៃនេះ ឯកឧត្តមអគ្គនាយករង រំពឹងយ៉ាងមុតមាំថា រវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលដៃគូ ត្រូវបង្ហាញពីក្ដីកង្វល់ និងបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះក្នុងភាពជាដៃគូល្អ ជាពិសេសផ្ដល់មតិយោបល់ស្ថាបនា គាំទ្រឱ្យគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហា ដើម្បីធានាឱ្យបាននូវឧត្តមប្រយោជន៍ ដល់សមាជិក ប.ស.ស.៕
















