(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃមូលនិធិកណ្តាលសម្រាប់ជួយគ្នាទៅវិញទៅមកនៅក្នុងវិស័យកសិកម្ម (CCMSA) នៃប្រទេសបារាំង ដឹកនាំដោយលោក Pierre Pigeon អគ្គនាយកប្រចាំតំបន់ Poitou នៃមូលនិធិ CCMSA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាល ប.ស.ស. ក្រោមក្របខ័ណ្ឌគម្រោងស្ដីពី ការពង្រឹងការបន្សាំរបបធានារ៉ាប់រងសង្គម (SASI)។
ក្នុងជំនួបដ៏កក់ក្តៅនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះភាពជោគជ័យនៃការអនុវត្តគម្រោង រវាងកិច្ចសហប្រតិបត្តិការរបស់ ប.ស.ស. ជាមួយនឹងអង្គការហ្រ្គេត (GRET) កន្លងមក។ ឯកឧត្តមបានសម្តែងនូវជំនឿយ៉ាងមុតមាំថា ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត ដើម្បីការអនុវត្តគម្រោង SASI នេះ អាចពង្រីកការធានារ៉ាប់រងសុខភាពសង្គមដល់ប្រជាជននៅតាមជនបទក្នុងប្រទេសកម្ពុជា ពិសេសលើវិស័យកសិកម្ម ដើម្បីដោះស្រាយបញ្ហាភាពងាយរងគ្រោះរបស់ប្រជាជននៅតាមជនបទចំពោះហានិភ័យផ្សេងៗ។
ក្នុងឱកាសមកបំពេញទស្សនកិច្ចជាលើកទី២ នេះ គណៈប្រតិភូ CCMSA បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីគោលបំណងសំខាន់នៃការមកបំពេញទស្សនកិច្ចនៅ ប.ស.ស. កម្ពុជា ដោយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនានាជាមួយ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម ដែលនេះជាសញ្ញាបញ្ជាក់ពីការពង្រឹងភាពជាដៃគូដ៏រឹងមាំ ដើម្បីអភិវឌ្ឍវិស័យសន្តិសុខសង្គមនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមរំលឹកផងដែរថា គណៈប្រតិភូ CCMSA ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ២០២៤ រួចមកហើយ ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមរបស់ ប.ស.ស. កម្ពុជា និងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃគម្រោង SASI ព្រមទាំងចែករំលែកបទពិសោធន៍ដែលពាក់ព័ន្ធនឹងការអនុវត្តរបបសន្តិសុខសង្គមរបស់ប្រទេសបារាំង ដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកជំនាញ ប.ស.ស. ផងដែរ៕
















