(ខេត្តស្វាយរៀង)៖ ស្វាយរៀង គឺជាខេត្តទី១ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលពិធីខាងលើនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមសហអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតខាងលើ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីផងដែរពីសំណាក់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ថ្លែងក្នុងពិធីខាងលើ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ការប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិតនាពេលនេះ គឺជាការផ្សព្វផ្សាយមួយដ៏មានសារៈសំខាន់បំផុត និងអាចជំរុញឱ្យមានការផ្លាស់ប្ដូរពីរថយន្តប្រភេទដឹកទំនិញទៅជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែលម្អឱ្យមានកៅអីអង្គុយសមរម្យសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត និងដើម្បីលើកកម្ពស់ផាសុកភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់ឱ្យកាន់តែប្រសើរជាងមុន ក៏ដូចជាការត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើរថយន្តដឹកជញ្ជូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តឱ្យដឹងទៀតថា យោងតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តនូវការងារចំពោះមុខសំខាន់ៗរបស់ខ្លួន សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវៈ ជូនបងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារ ដែលក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ត្រូវសហការជាមួយភាគីពាក់ព័ន្ធ សិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧ និងត្រូវរកដំណោះស្រាយណាដែលជួយធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករនិយោជិត ហើយការគិតគូរនេះមិនត្រឹមតែគិតដល់កម្មករនិយោជិតទេ គឺបានគិតទៅដល់បងប្អូនជាអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលត្រូវថែរក្សាអាជីព និងផលប្រយោជន៍របស់ពួកគាត់ ព្រមទាំងរកដំណោះស្រាយល្អៗផងដែរ។ ដែលទាំងនេះ សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានគិតគូរគ្រប់ជ្រុងជ្រោយចំពោះបងប្អូនកម្មករនិយោជិត មិនគ្រាន់តែពេលកំពុងធ្វើការ ឬមានបញ្ហាសុខភាពនោះទេ សូម្បីតែពេលបងប្អូនកម្មករនិយោជិតធ្វើដំណើរ ក៏ជាក្ដីកង្វល់របស់រាជរដ្ឋាភិបាលផងដែរ។
ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមាន ប.ស.ស. ជាសេនាធិការ ក៏ដូចជាក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដែលកន្លងមក រហូតមកដល់ពេលនេះ បានអនុវត្តការងារយ៉ាងសកម្មចំពោះសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមករបស់បងប្អូនកម្មករនិយោជិត ហើយក្រសួងសាធារណការនិងដឹកជញ្ជូន នឹងបង្កើនកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាបន្ថែមទៀត ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មកលើបងប្អូនកម្មករនិយោជិត ឱ្យមកនៅកម្រិតទាបបំផុត។
សូមបញ្ជាក់ថា ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិតខាងលើ មានការចូលរួមពីសំណាក់បងប្អូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតក្នុងខេត្តស្វាយរៀងសរុបប្រមាណជា ៧០០ នាក់៕

















