(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ប្រចាំអឌ្ឍមាសទី១ នៃខែកុម្ភៈ ឆ្នាំ២០២៦» នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តមអគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញសរុបប្រមាណជាង ៧០នាក់ ក្នុងគោលបំណង ដើម្បីតាមដាន និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានក្នុងការអនុវត្តការងារកន្លងមក ក៏ដូចជាប្រមូលនូវសំណូមពរ និងដោះស្រាយបញ្ហារបស់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រោមឱវាទ ដើម្បីធ្វើយ៉ាងណាកែលម្អការផ្តល់សេវាសន្តិសុខសង្គមឱ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំខាងលើ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ ត្រូវបន្តពង្រឹងស្មារតីទទួលខុសត្រូវ និងសីលធម៌វិជ្ជាជីវៈ បង្កើនកិច្ចសហការជិតស្និទ្ធ និងការយោគយល់អធ្យាស្រ័យគ្នា និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ ដើម្បីសម្រេចឱ្យបាននូវបេសកកម្មស្នូលរបស់ ប.ស.ស. ដែលសកម្មភាពទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
















