Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម គឹម កែវរស្មី៖ ម្ចាស់សហគ្រាស គ្រឹះស្ថាន អាចចុះឈ្មោះប្រើប្រាស់កម្មវិធី “NSSF Enterprise App” ដើម្បីគ្រប់គ្រងទិន្នន័យ និងបង់ភាគទានកាន់តែមានប្រសិទ្ធភាព

    (ភ្នំពេញ)៖ ម្ចាស់សហគ្រាស ឬអ្នកតំណាងសហគ្រាស គ្រឹះស្ថាន អាចចុះឈ្មោះប្រើប្រាស់កម្មវិធីទូរសព្ទដៃ “NSSF Enterprise App” ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីសមាជិក ការប្រកាសភាគទានប្រចាំខែ និងការទូទាត់តាមរយៈធនាគារដៃគូបានយ៉ាងរហ័ស និងមានតម្លាភាព។
    ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម» នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានបញ្ជាក់ថា កម្មវិធីឌីជីថលនេះ ត្រូវបានបង្កើតឡើងក្នុងគោលដៅធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
    តាមរយៈកម្មវិធី “NSSF Enterprise App” ម្ចាស់សហគ្រាស ឬអ្នកតំណាង អាចអនុវត្តមុខងារសំខាន់ៗរួមមាន៖
    ១. ត្រួតពិនិត្យព័ត៌មានសហគ្រាស៖ រួមមានព័ត៌មានទូទៅ, ការចុះបញ្ជីពាណិជ្ជកម្ម, អាសយដ្ឋាន, កិច្ចសន្យា, ជម្រើសទូទាត់ និងព័ត៌មានម្ចាស់សហគ្រាស/អ្នកតំណាង។
    ២. ការងារសមាជិក៖ ចុះបញ្ជីសមាជិកថ្មី និងត្រួតពិនិត្យព័ត៌មានសមាជិកដែលមានស្រាប់។
    ៣. ការប្រកាស និងបង់ភាគទាន៖ ប្រកាសភាគទានប្រចាំខែ ទូទាត់តាមរយៈធនាគារដៃគូ និងទាញយកវិក្កយបត្របង់ប្រាក់ដោយផ្ទាល់។
    ៤. គ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ៖ ការបញ្ចូលទឹកប្រាក់ ត្រួតពិនិត្យប្រវត្តិនៃការបង់ភាគទាន និងប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ។
    ឯកឧត្តមអគ្គនាយករង ក៏បានសង្កត់ធ្ងន់ផងដែរថា ការបង់ភាគទានមកកាន់ ប.ស.ស. មិនមែនជាបន្ទុកចំណាយនៃប្រតិបត្តិការអាជីវកម្មនោះទេ ប៉ុន្តែវាគឺជា “ការវិនិយោគលើសុខុមាលភាពធនធានមនុស្ស”។ ការវិនិយោគនេះ នឹងផ្ដល់នូវសន្តិសុខសេដ្ឋកិច្ចដល់កម្មករនិយោជិត តាមរយៈរបបសន្តិសុខសង្គមសំខាន់ៗចំនួន ៣ រួមមាន (១) ផ្នែកហានិភ័យការងារ (២) ផ្នែកថែទាំសុខភាព និង (៣) ផ្នែកប្រាក់សោធន។
    សូមជម្រាបជូនថា ម្ចាស់សហគ្រាស ឬអ្នកតំណាង អាចទាញយកកម្មវិធី “NSSF Enterprise” ពី App Store ឬ Play Store ដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ ១២៨៦ ដោយឥតគិតថ្លៃ ឬតាមដានបណ្ដាញសង្គមផ្លូវការរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ

     

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.