Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ម៉េង ហុង អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកក្រោមឱវាទ ប.ស.ស. ដើម្បីជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ទាំង១១នាយកដ្ឋាន និង១អង្គភាព ព្រមទាំងសាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ តាមរយៈប្រព័ន្ធ Zoom និងផ្ទាល់ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
    ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិក គ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ ដែលលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទកៈ កាលពីឆ្នាំកន្លងទៅ នឹងសូមបន្ដការរក្សាបាននូវកម្លាំងសាមគ្គីផ្ទៃក្នុង និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីបំពេញភារកិច្ចក្នុងឆ្នាំថ្មីនេះ។
    ជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ប.ស.ស. ទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ខាងមុខនេះ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាវៀងវៃ ដើម្បីសម្រេចបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសសូមឱ្យការអនុវត្តផែនការការងារក្នុងឆ្នាំថ្មី និងឆ្នាំបន្តបន្ទាប់ ទទួលបានលទ្ធផលកាន់តែប្រសើរ ដើម្បីជំរុញអង្គភាពឱ្យកាន់តែរីកចម្រើន និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.