(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំបេឡាជាតិសន្ដិសុខសង្គម បានអញ្ជើញចូលរួមពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ រាជធានីភ្នំពេញ។
ពិធីបេីកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានរៀបចំឡេីង ៣ឆ្នាំហើយ បើគិតទាំងឆ្នាំ២០២៦នេះ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បានឆ្លុះបញ្ចាំងពីចលនាជាតិក្នុង «ស្មារតីខ្មែរជួយខ្មែរ» បន្ដបេសកកម្មរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា ដែលចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី១ និងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
ដើម្បីចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉េង ហុង ប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំបេឡាជាតិសន្ដិសុខសង្គម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងបុគ្គលិកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចូលរួមចែករំលែកនូវក្ដីស្រឡាញ់តាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសុខភាពទារក និងកុមារនៅកម្ពុជាផងដែរ៕















