(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម (រ.ឌ.ស.) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារប្រជុំពិភាក្សាជាមួយ ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។
កិច្ចប្រជុំពិភាក្សាខាងលើ ធ្វើឡើងក្នុងគោលដៅដើម្បីធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ សិក្សាពីលទ្ធភាពបច្ចេកទេសក្នុងការផ្ទៀងផ្ទាត់ និងតភ្ជាប់ការថ្ពក់ទិន្នន័យបន្ថែមរវាងស្ថាប័នទាំងពីរ និងជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីធ្វើឱ្យប្រតិបត្តិការរបបសន្តិសុខសង្គមកាន់តែមានភាពរហ័ស ហ្មត់ចត់ និងឆ្លើយតបបានទាន់ពេលវេលាស្របតាមបរិបទឌីជីថល។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការចែករំលែកបទពិសោធគ្នាទៅវិញទៅមក និងពិភាក្សាស៊ីជម្រៅទៅលើចំណុចគន្លឹះមួយចំនួនលើការរៀបចំរំហូរការងាររួមមួយដែលងាយស្រួល មិនស្មុគស្មាញ និងកាត់បន្ថយដំណាក់កាលមិនចាំបាច់ ដើម្បីបម្រើសេវាជូនសមាជិកឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះ ប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបប្រមាណជាង២០នាក់៕













