ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ ស.ផ.ក តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានអញ្ជើញជាសហអធិបតីបើកពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកជញ្ជូនកម្មករនិយោជិត និងកម្មករនិយោជិត” នៅរោងចក្រ TAIEASY INTERNATIONAL CO., LTD. ដែលមានអ្នកចូលរួមប្រមាណជាង ៣៥០នាក់។
ក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានថ្លែងថា៖ ក្រុមការងារ ស.ផ.ក នៃបេឡាជាតិសន្តិសុខសង្គម បានបន្តចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅតាមរោងចក្រ សហគ្រាស ដែលជាមធ្យោបាយមួយដ៏សំខាន់សម្រាប់បញ្រ្ជាបការយល់ដឹងអំពីសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវឱ្យយល់ដឹងកាន់តែច្បាស់អំពីហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ បើទោះបីជាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ មិនអាចជួយឱ្យបងប្អូនចៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍បានទាំងស្រុងក៏ពិតមែន ប៉ុន្តែក៏ជាការរួមចំណែកមួយក្នុងការបញ្រ្ជាបឱ្យអ្នកបើកបររថយន្ដដឹកជញ្ជូនកម្មករនិយោជិត និងបងប្អូនកម្មករនិយោជិតទាំងអស់ បើកបរដោយមានទំនួលខុសត្រូវចំពោះមុខច្បាប់ ហើយត្រូវចេះទទួលខុសត្រូវលើវាសនាខ្លួនឯង និងត្រូវចេះទទួលខុសត្រូវលើវាសនាអ្នកដទៃ ដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់អ្នកបើកបរត្រឹមតែមួយពព្រិចភ្នែក។
ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ក៏បានស្នើសុំដល់អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត បន្តប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ សម្រាប់ដឹកជញ្ជូនកម្មករនិយោជិតបន្តទៀត ចៀសវាងប្រើប្រាស់រថយន្តប្រភេទដឹកទំនិញ មកដឹកជញ្ជូនកម្មករនិយោជិត ជាពិសេសត្រូវឧស្សាហ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជាប្រចាំរួមមាន៖ ហ្វ្រាំង ភ្លើងសញ្ញាចរាចរណ៍(ស៊ីញ៉ូ) ភ្លើងបំភ្លឺផ្លូវ និងសំបកកង់ជាដើម និងសូមចូលរួមទប់ស្កាត់កុំឱ្យមានអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតថ្មី យករថយន្តប្រភេទដឹកទំនិញមកដឹកជញ្ជូនកម្មករនិយោជិត និងបន្តអំពាវនាវដល់អ្នកបើកបររថយន្តដឹកទំនិញមកកែទៅជារថយន្តដឹកអ្នកដំណើរដើម្បីឱ្យស្របតាមលក្ខណៈបច្ចេកទេស។
មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានក្រើនរំលឹកដល់អ្នកបើកបរយានយន្តទាំងអស់ ត្រូវមានក្រមសីលធម៌លើការបើកបរលើដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រមទាំងថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំកម្មវិធីនេះឡើងដើម្បីឱ្យកម្មករនិយោជិតទាំងអស់គ្នាបានយល់ដឹងបន្ថែមលើច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ក្នុងឱកាសនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើការអំពាវនាវដល់កម្មករនិយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករនិយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកផងដែរ ទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករនិយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ៕
















