Mail |
  • ភាសាខ្មែរ
  • English
  • បុគ្គលិកអប់រំ និងនិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី “ការបញ្ជ្រាបការយល់ដឹង អំពីសិទ្ធិជាមូលដ្ឋាននៃរបបសន្តិសុខសង្គម” ដើម្បីស្វែងយល់ពីសិទ្ធិ និងកាតព្វកិច្ចក្នុងការចូលរួមរបបសន្តិសុខសង្គម

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីបើកសិក្ខាសាលាស្តីពី “ការបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិជាមូលដ្ឋាននៃរបបសន្តិសុខសង្គម” ជូនដល់បុគ្គលិកអប់រំ និងនិស្សិត នៃសាកលវិទ្យាល័យមេគង្គកម្ពុជា ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់។
    ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបញ្ជាក់ថា បុគ្គលិកអប់រំ និងនិស្សិត ដែលបានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ និងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងស្វែងយល់ពីសិទ្ធិ កាតព្វកិច្ច ក្នុងការចូលរួមរបបសន្តិសុខសង្គមនៅកម្ពុជា ព្រមទាំងវឌ្ឍនភាពថ្មីៗ ជាពិសេសការអនុវត្តគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល ដូចជារបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស.។
    ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញ ប.ស.ស. ដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមលើកជាសំណួរ ឬចម្ងល់ផ្សេងៗ ដើម្បីទទួលបានការពន្យល់បន្ថែមឱ្យបានយល់កាន់តែច្បាស់ និងត្រឹមត្រូវ ព្រមទាំងអាចយកចំណេះដឹងទាំងនេះទៅធ្វើការផ្សព្វផ្សាយបន្តប្រកបដោយប្រសិទ្ធភាព។
    ជាមួយគ្នានេះដែរ ឯកឧត្តម ប៊ុន្នី វឌ្ឍនៈបញ្ញា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ប.ស.ស. និងបានជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ស្ដាប់ ក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធល្អៗ ដើម្បីជាទុនបន្ថែមក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ

     

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.