(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាធនាភិបាលសន្ដិសុខសង្គម នៃបេឡាជាតិសន្ដិសុខសង្គម បានបើកកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ខ្លួនដើម្បីប្រកាសសមាសភាពផ្លូវការសមាជិកក្រុមប្រឹក្សាធនាភិបាលសន្ដិសុខសង្គម ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាធនាភិបាលសន្ដិសុខសង្គម នៃបេឡាជាតិសន្ដិសុខសង្គម ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាធនាភិបាលសន្ដិសុខសង្គម សរុបចំនួន ១០រូប។
កិច្ចប្រជុំខាងលើផ្តោតសំខាន់លើរបៀបវារៈចំនួន៣ ដោយរួមមាន៖
ទី(១).ការណែនាំសមាសភាពក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម នៃ ប.ស.ស. ទី(២).ពិនិត្យលើបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម នៃ ប.ស.ស. និងទី(៣).កំណត់កាលវិភាគនៃកិច្ចប្រជុំប្រចាំឆ្នាំ២០២៥។
ក្រុមប្រឹក្សាធនាភិបាលសន្ដិសុខសង្គម នៃបេឡាជាតិសន្ដិសុខសង្គម បង្កើតឡើងដើម្បីគ្រប់គ្រងកិច្ចការវិនិយោគមូលនិធិរបស់ផ្នែកនីមួយៗ នៃរបបសន្ដិសុខសង្គម សំដៅធានាឱ្យបាននូវនិរន្ដរភាពមូលនិធិសន្ដិសុខសង្គមប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
សូមជម្រាបជូនថា ក្រុមប្រឹក្សាធនាភិបាលសន្ដិសុខសង្គម នៃបេឡាជាតិសន្ដិសុខសង្គម បង្កើតដោយអនុក្រឹត្យលេខ ៣០៥អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដែលមានសមាសភាពតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាប្រធាន និងមានសមាជិកមកពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ប.ស.ស. តំណាងធនាគារជាតិ នៃកម្ពុជា តំណាងនិយោជក តំណាងសមាជិក ប.ស.ស. និងអ្នកជំនាញអព្យាក្រឹត្យ ឬឯករាជ្យ៕

















