(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងសិក្ខាសាលាស្ដីពី “ការពង្រឹង និងពង្រីកការផ្ដល់សេវាជូនសមាជិក ប.ស.ស. តាមរយៈអេកូឡូស៊ីបច្ចេកវិទ្យាព័ត៌មានរបស់ ប.ស.ស. និងប្រព័ន្ធសេវាធនាគារ” ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានថ្លែងឡើងថា បច្ចុប្បន្ន ប.ស.ស. មានសមាជិកជាង ៣,៥លាននាក់ ហើយនឹងកើនឡើងជាបន្ដបន្ទាប់ ស្របគ្នានេះដែរភាគីពាក់ព័ន្ធ ប្រសិនបើចង់ក្លាយជាដៃគូសហការជាមួយ ប.ស.ស. ត្រូវមានឆន្ទៈស្រលាញ់ និងយកចិត្តទុកដាក់លើសមាជិក ប.ស.ស. ជាចម្បង ដោយគ្មានការរើសអើង។
ឯកឧត្តមអគ្គនាយករង បានបន្ថែមថា មូលនិធិ ប.ស.ស. ជាសំណាញ់សុវត្ថិភាព ដែលជាកញ្ចប់ថវិការបស់សមាជិកគ្រប់ៗរូប។ ប.ស.ស. គ្រាន់តែការកំណត់អត្តសញ្ញាណសមាជិកឱ្យបានច្បាស់លាស់ ការប្រមូលភាគទានប្រកបដោយតម្លាភាព និងរក្សាទុកតែប៉ុណ្ណោះ នៅពេលដែលសមាជិកណាម្នាក់មានហានិភ័យសុខភាព មាតុភាព ឬដល់វ័យចូលនិវត្តន៍ មូលនិធិនេះ ប.ស.ស. នឹងបើកផ្ដល់អត្ថប្រយោជន៍ជូនសមាជិកវិញ។
ឯកឧត្តមអគ្គនាយករង បានបន្ដថា ដើម្បីបង្កើនជំនឿទុកចិត្តពីសមាជិក ប.ស.ស. គ្រប់ៗរូប គ្រប់ដៃគូសហការជាមួយ ប.ស.ស. ទាំងមន្ទីរពេទ្យ ទាំងធនាគារដៃគូ ត្រូវឈរលើស្មារតីស្រលាញ់ និងការយកចិត្តទុកដាក់ដល់សមាជិក ដោយធានានូវការផ្ដល់សេវា និងអត្ថប្រយោជន៍ទាន់ពេលវេលា ងាយស្រួល និងឆាប់រហ័ស។
ក្នុងឱកាសសិក្ខាសាលានាព្រឹកនេះ មានការចូលរួមពីដៃគូអភិវឌ្ឍន៍ ធនាគារដៃគូ និងក្រុមហ៊ុនបច្ចេកវិទ្យានានា ប្រមាណជា ២០០នាក់ ឯកឧត្តមអគ្គនាយករង បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមសហការផ្ដល់ធាតុចូល និងកំណត់គោលដៅបន្ថែមទៀត ដើម្បីរួមគ្នាជំរុញការផ្ដល់សេវា និងទទួលបានអត្ថប្រយោជន៍នានា ដល់សមាជិកកាន់តែជិត កាន់តែឆាប់រហ័ស និងងាយស្រួល តាមរយៈប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាព័ត៌មានរបស់ ប.ស.ស.៕














