(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដើម្បីរៀបចំពិភាក្សាលើ «ពិពិធកម្មការវិនិយោគ» និងស្ដង់ដារ ESG សម្រាប់និរន្តរភាពមូលនិធិសោធននៅកម្ពុជា។
កិច្ចប្រជុំនេះ គឺជាផ្នែកមួយក្នុងគោលបំណងផ្ដួចផ្ដើមការងារយុទ្ធសាស្ត្រស្ដីពី «ការធ្វើពិពិធកម្មការវិនិយោគនៃមូលនិធិសោធន» ដើម្បីធានានូវនិរន្តរភាព និងការរីកលូតលាស់នៃកញ្ចប់ថវិកាសោធនសម្រាប់បងប្អូនកម្មករនិយោជិត ព្រមទាំង «ការវិនិយោគដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)» នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែនេះមិនមែនជាសកម្មភាពសម្រាប់ការផ្ទៀងផ្ទាត់ ការបណ្ដុះបណ្ដាល ឬការពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធវិនិយោគលម្អិតនោះទេ។
សូមបញ្ជាក់ថាៈ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP មានបេសកកម្មរយៈពេល ៣ថ្ងៃ នៅកម្ពុជា ដែលក្នុងនោះ ថ្នាក់ដឹកនាំ ប.ស.ស. និងថ្នាក់ដឹកនាំអភិវឌ្ឍន៍សហប្រជាជាតិ UNDP នឹងប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការបញ្ជាក់ឱ្យបានច្បាស់លាស់អំពីដែនកំណត់ផ្នែកស្ថាប័ន និងបទប្បញ្ញត្តិ ព្រមទាំងធានាថាការងារវិភាគ និងអភិវឌ្ឍន៍គម្រោងជាបន្តបន្ទាប់ អាចដំណើរការទៅមុខដោយផ្អែកលើមូលដ្ឋានជាក់ស្តែង និងមានការឯកភាពគ្នា មុនពេលចាប់ផ្ដើមគម្រោង៕














