(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ការកសាងកម្លាំងពលកម្មជំនាញ គឺពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ជាពិសេសការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញពិតប្រាកដ ដើម្បីក្លាយជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមបរិបទនៃយុគសម័យឌីជីថលដែលកំពុងរីកចម្រើន។
សូមបញ្ជាក់ថា ទិវាជាតិ TVET លើកទី៩ ឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការដាក់ស្តង់តាំងពិព័រណ៍ពីសំណាក់ក្រសួង-ស្ថាប័ន អង្គការ សមាគម និងវិស័យឯកជន។ ក្នុងនោះផងដែរ ប.ស.ស. ក៏បានចូលរួមដាក់តាំងបង្ហាញពីសមិទ្ធផលការងារសំខាន់ៗដែលសម្រេចបាន ព្រមទាំងបានចែកជូននូវឯកសារផ្សព្វផ្សាយព័ត៌មាន ស្តីពីការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដល់សិស្ស និស្សិត និងអ្នកចូលរួមទស្សនា ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ៕


















