(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ ស.ផ.ក តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានអញ្ជើញជាសហអធិបតីបើកពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិតជូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” ប្រមាណជា ៣២០នាក់ នៅរោងចក្រ JIANGXI 3L MEDICAL PRODUCTS GROUP (CAMBODIA) CO., LTD. ខេត្តព្រះសីហនុ។
ថ្លែងបើកពិធីផ្សព្វផ្សាយ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ស.ផ.ក បានឱ្យដឹងថា ខេត្តព្រះសីហនុ ជាខេត្តទី៣ ដែលមានរថយន្តដឹកកម្មករ មានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព ហើយខេត្តនេះ អាចចាត់ទុកជាខេត្តគំរូមួយ ដែលពុំសូវមានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនិយោជិតនោះទេ។ ទន្ទឹមនេះ សូមបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រក្សាបាននូវប្រាក់ចំណូល លើកកម្ពស់សុខុមាលភាព សុវត្ថិភាពការងារ និងសុវត្ថិភាពការធ្វើដំណើររបស់ខ្លួន ក៏ដូចជាបងប្អូនកម្មករនិយោជិតផងដែរ។
ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានបន្ថែមថា បើទោះបីជាបច្ចុប្បន្នខេត្តនេះ ពុំសូវកើតមានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្ដដឹកកម្មករនិយោជិតក៏ពិតមែន ប៉ុន្ដែការចុះអប់រំផ្សព្វផ្សាយរបស់ក្រុមការងារ ស.ផ.ក នៅតែជាយន្ដការអនុវត្តជាប្រចាំ ដើម្បីរួមចំណែកក្នុងការបញ្រ្ជាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ ព្រមទាំងទាមទារឱ្យមានការចូលរួមផ្ទាល់ពីសាមីខ្លួន និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងគោរពសិទ្ធិគ្នាទៅវិញទៅមកនៅពេលបើកបរ ដើម្បីអាចចៀសវាងពីគ្រោះថ្នាក់នៅលើដងផ្លូវ។
ថ្លែងក្នុងពិធីបើកនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្ដាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានធ្វើការអំពាវនាវដល់កម្មករនិយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ចំពោះអ្នកធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួន ហើយអ្នកបើកបររថយន្តដឹកកម្មករនិយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ព្រោះកម្មករនិយោជិតរាប់សិបនាក់ បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នក៕

















