ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីបច្ចេកទេសចូលរួមកិច្ចប្រជុំកម្រិតអន្តរក្រសួង ដើម្បីពិភាក្សា រកយន្ដការដោះស្រាយចំពោះការផ្ដល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតធ្វើអាជីវកម្ម ជាកញ្ចប់ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញបច្ចេកទេសមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបប្រមាណជា ៥០នាក់ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. ព្រមទាំងមន្ត្រីបច្ចេកទេសអន្តរក្រសួងបានជជែកពិភាក្សា និងផ្ដល់ធាតុចូល លើការរៀបចំយន្តការរួមគ្នា ដើម្បីសម្របសម្រួលដល់ការផ្ដល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតធ្វើអាជីវកម្មជាកញ្ចប់ ដោយនៅក្នុងនោះក៏មានការរួមបញ្ចូលនូវកាតព្វកិច្ច “ការចុះបញ្ជីបុគ្គលិក និងការបង់ភាគទានរបបសន្តិសុខសង្គម” របស់ ប.ស.ស. ទៅក្នុងកញ្ចប់តែមួយតែម្តងផងដែរ ។
ការដាក់បញ្ចូលកាតព្វកិច្ចចុះបញ្ជី និងបង់ភាគទាន ប.ស.ស. ទៅក្នុងកញ្ចប់នៃការផ្តល់អាជ្ញាបណ្ណអាជីវកម្មនេះ ជាការឆ្លើយតបដែលមានលក្ខណៈជាប្រព័ន្ធរួម និងមានលក្ខណៈងាយស្រួល ឆាប់រហ័ស ព្រមទាំងមានប្រសិទ្ធភាពខ្ពស់ ក្នុងការគាំទ្រដល់បរិយាកាសវិនិយោគ កាត់បន្ថយភាពស៊ាំញ៉ាំ និងនីតិវិធីស្មុគស្មាញនានា ព្រមទាំងធានានូវសិទ្ធិទទួលបានរបបសន្តិសុខសង្គមពេញលេញរបស់បងប្អូនកម្មករនិយោជិតនៅពេលចូលបម្រើការងារ។
ក្នុងឱកាសជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាបន្ថែម ពាក់ព័ន្ធទៅនឹងការចុះបញ្ជិកាបើកសហគ្រាស ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីប្រមូលធាតុចូលបន្ថែម ក្នុងន័យធ្វើឱ្យកាន់តែប្រសើរឡើង នូវនីតិវិធីនៃការចុះបញ្ជិកាបើកសហគ្រាសឱ្យមានភាពងាយស្រួល លឿន មានតម្លាភាព និងចំណាយវេលាតិច និងមានលក្ខណៈជាប្រព័ន្ធ ដែលនេះជាកត្តាជួយដល់ម្ចាស់អាជីវកម្ម ក្នុងការកាត់បន្ថយលក្ខខណ្ឌស្មុគស្មាញដែលជាកង្វល់របស់ពួកគេនាពេលបច្ចុប្បន្ន














