ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញទៅបំពេញទស្សនកិច្ចសិក្សានៅវិទ្យាស្ថានជាតិស្ថិតិ និងជួបពិភាក្សាការងារជាមួយ លោក ឃិន សុង អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។
ដំណើរទស្សនកិច្ចសិក្សាខាងលើ ក្នុងគោលដៅស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ចជាតិ ដោយផ្ដោតលើទិន្នន័យសំខាន់ៗរួមមាន៖ ស្ថានភាពប្រជាសាស្ត្រ អាយុរំពឹងរស់ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ដើម្បីយកមកធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការរៀបចំ និងផ្ដល់តាវកាលិកសន្តិសុខសង្គម ជូនដល់សមាជិក ប.ស.ស. ទាំងអស់ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ស្របតាមការវិវត្តនៃប្រទេសកម្ពុជា។
តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានបង្ហាញពីការឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស និងការផ្លាស់ប្តូរទិន្នន័យស្ថិតិមួយចំនួន ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា៕

















