Mail |
  • ភាសាខ្មែរ
  • English
  • របៀបវារៈចំនួន២ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី១៩ អាណត្តិទី១ នាព្រឹកមិញនេះ

    ភ្នំពេញ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ របៀបវារៈចំនួន២ រួមមាន៖ (១). សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ (២). សេចក្ដីព្រាងប្រកាសស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ ប្រាក់បំណាច់មាតុភាព និងវិភាជន៍បូជាសព ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានជាកាតព្វកិច្ច ត្រូវបានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. សម្រេចអនុម័តទាំងស្រុងក្នុងកិច្ចប្រជុំ អាណត្តិទី១ លើកទី១៩ នៅសាលប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ។
    ការសម្រេចអនុម័តទាំងស្រុងក្នុងសេចក្ដីព្រាងខាងលើ ជាការបើកទូលាយក្នុងការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ក្នុងគម្រោងសាកល្បងសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលជាការទន្ទឹងរងចាំរបស់បងប្អូនអាជីវករដែលជាអ្នកប្រកបរបររកស៊ីដោយខ្លួនឯង ក្នុងការទទួលបានការគាំពារពីរបបសន្ដិសុខសង្គមនៅពេលដែលពួកគាត់ជួបគ្រោះថ្នាក់ជាយថាហេតុ មានជំងឺ ឬបញ្ហាសុខភាពផ្សេងៗ ហើយក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដែលកំពុងប្រកបរបរដោយខ្លួនឯងដែលជាប្រជាជនគោលដៅ ដើម្បីទទួលបាននូវការការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារក្នុងប្រព័ន្ធសន្ដិសុខសង្គមពេញលេញជូនដល់ពួកគាត់ ឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង។
    បន្ថែមពីនេះទៀត សម្រាប់របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានជាកាតព្វកិច្ច ក្នុងរបៀបវារៈសេចក្ដីព្រាងខាងលើ ក៏បានបន្ថែមនូវវិភាជន៍បូជាសព ដែលជាចំណែកដ៏សំខាន់សម្រាប់ចូលរួមរំលែកទុក្ខ និងជាការជួយសម្រាលទុក្ខលំបាកដល់គ្រួសារសពមួយផ្នែកផងដែរ បន្ទាប់ពីទទួលបានការសម្រេចអនុម័តជាផ្លូវការ ប្រាក់វិភាជន៍បូជាសព និងផ្តល់ ជូនដល់អ្នកចាត់ចែងបុណ្យសព នៅពេលដែល សមាជិក ប.ស.ស. ទទួលមរណភាព។
    ការពង្រីកវិសាលភាព តាមរយៈសេចក្ដីព្រាងខាងលើ នឹងផ្តល់អត្ថប្រយោជន៍បន្ថែមជូនសមាជិក ប.ស.ស. ទាំងអស់អាចទទួលបាននូវសេវាថែទាំសុខភាពទូទៅពេញលេញរួមមាន៖ ការថែទាំ និងព្យាបាលជំងឺ ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់ការឈប់សម្រាកព្យាបាលជំងឺ ប្រាក់បំណាច់ប្រចាំថ្ងៃក្នុងអំឡុងពេលសម្រាកលំហែមាតុភាព សោហ៊ុយដឹកសព និងវិភាជន៍បូជាសព ដែលនេះជាការបំពេញនូវរបបសន្ដិសុខសង្គមដែលមានស្រាប់ឱ្យកាន់តែពេញលេញនៅកម្ពុជាបន្ថែមទៀត៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.