Mail |
  • ភាសាខ្មែរ
  • English
  • ប័ណ្ណសមាជិក ប.ស.ស. នឹងត្រូវផលិតជាប័ណ្ណទំនើបជំនាន់ថ្មី រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំក្រុមការងារជំនាញប្រជុំពិភាក្សា លើបទបង្ហាញរបស់តំណាងធនាគារ កាណាឌីយ៉ា ដែលដឹកនាំដោយ លោកឧកញ៉ា វ៉ាន់ ឆារស៍ អគ្គនាយករង ធនាគារ កាណាឌីយ៉ា ស្ដីពីគម្រោងអភិវឌ្ឍន៍ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មីដែលជាប្រព័ន្ធទំនើបកម្មបច្ចេកវិទ្យាជឿនលឿន។
    ក្នុងគម្រោងនៃការអភិវឌ្ឍប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មីនេះ តំណាងធនាគារ កាណាឌីយ៉ា បានលើកឡើងអំពីចំណុចសំខាន់ៗ ដែលក្នុងនោះ ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មី ជាប័ណ្ណដែលមានបន្ទះឈីប និងសុវត្ថិភាពស្ដង់ដារ និងមានសមត្ថភាពបន្ថែមទិន្នន័យ ពង្រឹងសុវត្ថិភាពប្រតិបត្តិការ ជាពិសេសអាចប្រើប្រាស់សម្រាប់ទូទាត់ប្រាក់តាវកាលិកផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកបា្រក់សោធន រួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀត បន្ថែមពីនេះ ក៏ជាប័ណ្ណប្លាស្ទិក និងប័ណ្ណនិម្មិត ដែលប័ណ្ណនិម្មិតអាចស្នើសុំបានយ៉ាងងាយស្រួលពីកម្មវិធីទូរស័ព្ទ Canadia bank App ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។
    កិច្ចប្រជុំពិភាក្សាខាងលើនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានមានប្រសាសន៍ថា៖ ស្របពេលជាមួយការអភិវឌ្ឍវិស័យឌីជីថលរបស់រាជរដ្ឋាភិបាលកំពុងរីកចម្រើនជាបន្ដបន្ទាប់ និងដើម្បីបង្កើនប្រសិទ្ធភាពក្នុងវិស័យសន្ដិសុខសង្គម ការជំរុញគម្រោងបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មីនេះ ជាផែនទីចង្អុលផ្លូវដ៏ល្អប្រសើរមួយដែលរក្សាបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃចំណាយ ឆ្លើយតបនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលរឹងមាំ មានសុវត្ថិភាព និងមានស្ថិរភាពខ្ពស់ក្នុងសេដ្ឋកិច្ចឌីជីថល ប្រកបដោយចីរភាព និងបរិយាបន្ន។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋាន ស.អ ដោយមានវត្តមានអញ្ជើញចូលរួមពីភាគីតំណាង ប.ស.ស. ជាមួយតំណាងធនាគារ កាណាឌីយ៉ា សរុបប្រមាណ ២០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.