Mail |
  • ភាសាខ្មែរ
  • English
  • ពិធីផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃក្រសួងមហាផ្ទៃ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានអញ្ជើញជាគណអធិបតី ក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានអ្នកចូលរួមប្រមាណជាង ៥០០នាក់។
    មានមតិក្នុងពិធីផ្សព្វផ្សាយខាងលើ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានសំណូមពរ និងអំពាវនាវដល់មន្រ្ដីរាជការក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ សូមពន្លឿននាំសហព័ទ្ធដែលជាប្ដី ឬប្រពន្ធ និងកូនៗក្នុងបន្ទុករបស់ខ្លួន អញ្ជើញមកចុះឈ្មោះធ្វើប័ណ្ណសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស. ដែលនៅជិតលោកអ្នក ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គម និងជាការរួមចំណែកសម្រេចគោលដៅការគ្របដណ្ដប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាលផងដែរ។
    ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការក្រោមឱវាទក្រសួងទាំងអស់ ត្រូវចូលរួមគាំទ្រអនុវត្តកម្មវិធីនេះ ក៏ដូចជាកម្មវិធីនានា នៃរបបសន្ដិសុខសង្គមដើម្បីធានាលើកកម្ពស់សុខុមាលភាព អត្ថប្រយោជន៍នានា និងដើម្បីជំរុញការអនុវត្តប្រព័ន្ធសន្ដិសុខសង្គមកម្ពុជាកាន់តែរីកចម្រើន និងត្រូវផ្សព្វផ្សាយបន្ដ និងណែនាំដល់អ្នកដែលមានសមាជិកក្នុងបន្ទុកគ្រួសារ ឱ្យចុះឈ្មោះជាសមាជិក ប.ស.ស. ដើម្បីទទួលអត្ថប្រយោជន៍របបសន្ដិសុខសង្គមដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
    ក្នុងឱកាសនោះដែរ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. ក៏បានធ្វើបទបង្ហាញ និងពន្យល់លម្អិត ព្រមទាំងឆ្លើយតបទៅនឹងសំណួរសំខាន់ៗមួយចំនួនទាក់ទងទៅនឹងច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការធ្វើបច្ចុប្បន្នភាពនៃអនុវត្តរបបសន្តិសុខសង្គម ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវារបបសន្តិសុខសង្គមដល់សមាជិករបស់ខ្លួន៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.