Mail |
  • ភាសាខ្មែរ
  • English
  • អគ្គនាយក ប.ស.ស. ស្ដីទី៖ បុគ្គលមួយចំនួនក្នុងវិស័យសាធារណៈ ដែលមិនទាន់ទទួលបានការគាំពារលើរបបសន្ដិសុខសង្គម នឹងទទួលបានប័ណ្ណសមាជិក ប.ស.ស.

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងឡើងថា បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈមួយចំនួន ដែលមិនទាន់ទទួលបានការគាំពារលើរបបសន្ដិសុខសង្គម នឹងទទួលបានប័ណ្ណសមាជិក ប.ស.ស. ក្នុងនោះរួមមាន៖ សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ និងមន្ត្រីខុទ្ទកាល័យ ដែលតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ឬប្រកាស និងមិនស្ថិតនៅក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានការធានារ៉ាប់រងរបបសន្ដិសុខសង្គមលើផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ចាប់ពីពេលអនុក្រឹត្យនេះ ចេញជាធរមាន។
    ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី បញ្ជាក់បន្ថែមថា បើយោងតាមអនុក្រឹត្យលេខ ៦២អនក្រ.បក ដែលមាន ៥ជំពូក និង៩មាត្រា ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល គ្រូពុទ្ធិកសិក្សា និងមន្ត្រីបំពេញការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងមន្ដ្រីថ្នាក់ក្រោមជាតិរួមមាន៖ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ ដែលជាមន្រ្ដីមូលដ្ឋាន ក៏ទទួលបានប័ណ្ណសមាជិក ប.ស.ស. ដោយធានារ៉ាប់រងរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព។ ដោយឡែកសម្រាប់ទីប្រឹក្សា និងជំនួយការដែលត្រូវបានតែងតាំងដោយពុំទទួលប្រាក់បំណាច់មុខងារ មិនស្ថិតនៅក្នុងវិសាលភាពនៃអនុក្រឹត្យខាងលើនេះទេ។
    ការពង្រីកវិសាលភាពនេះ ជាយន្តការបន្ថែមមួយទៀតក្នុងការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល ដែលជាកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាការធានាឱ្យមានសង្គតិភាពរវាងវិស័យសាធារណៈ និងវិស័យឯកជន ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មិនទទួលបានការព្យាបាលជំងឺ នៅពេលដែលមានជំងឺនោះឡើយ។
    សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. ដោយមានវត្តមានចូលរួមពីសំណាក់អគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យដោយផ្ទាល់ និងប្រធាន/អនុប្រធានសាខា ប.ស.ស. ខេត្ត/ខណ្ឌ តាមរយៈអនឡាញ សរុបប្រមាណជាង ៤០០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.