ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធាន ប.ស.ស. សាខាខេត្ត-ខណ្ឌចូលរួមក្នុងកិច្ចប្រជុំស្តីពី “ការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង” ក្រោមអធិបតីភាព ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ ប្រធាន និងតំណាងអង្គភាពក្រោមឱវាទក្រសួង ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Zoom) ជាច្រើនរូប។
កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណងពិភាក្សាវឌ្ឍនភាពនៃការរៀបចំការធ្វើជំរឿន និងការជំរុញការអនុវត្តការងារបន្ត ដោយបានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវខិតខំបញ្ចប់ការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តី និងរចនាសម្ព័ន្ធនៅក្នុងប្រព័ន្ធជំរឿនរបស់ក្រសួងមុខងារសាធារណៈឱ្យបានរួចរាល់ ដើម្បីកំណត់កាលបរិច្ឆេទរៀបចំការធ្វើជំរឿនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលខាងមុននេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានផ្តល់ធាតុចូលសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងបច្ចេកទេស និងបទពិសោធការងារកន្លងមក ដើម្បីឱ្យការធ្វើបច្ចុប្បន្នភាពនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ និងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
















