(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំក្រុមការងារជំនាញ ជួបពិភាក្សាការងារជាមួយ លោក Shakeel Ahmad តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) ក្នុងគោលបំណងដើម្បីពិនិត្យមើលលើស្ថានភាព នៃការគ្រប់គ្រងមូលនិធិសន្តិសុខសង្គមនាបច្ចុប្បន្ន និងការដាក់គោលដៅសម្រាប់ការអនុវត្តកម្មវិធីបណ្តុះបណ្តាល លើវិស័យវិនិយោគសម្រាប់រយៈពេល ២ឆ្នាំ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើស្ថានភាពបច្ចុប្បន្ន ព្រមទាំងទិសដៅវិនិយោគរបស់មូលនិធិសោធននៅកម្ពុជាកាន់តែមានប្រសិទ្ធភាព និងទទួលបានផលចំណេញខ្ពស់ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
ទន្ទឹមនេះ តំណាង UNDP បានលើកឡើងបទពិសោធន៍វិនិយោគរបស់ប្រទេសចំនួន៥ ក្នុងតំបន់ ដែលបានបង្ហាញអំពីអភិបាលកិច្ចវិនិយោគឯករាជ្យ និងមានវិជ្ជាជីវៈ និងការផ្លាស់ប្ដូរទម្រង់វិនិយោគពីប្រាក់បញ្ញើធនាគារទៅជាសញ្ញាបណ្ណ និងការឈានទៅរកការវិនិយោគលើឆាកអន្តរជាតិ។
តាមរយៈជំនួបពិភាក្សានេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានថ្លែងអំណរគុណចំពោះ តំណាង UNDP ដែលគ្រោងរៀបចំកម្មវិធីឱ្យក្រុមការងារជំនាញវិនិយោគរបស់ ប.ស.ស. ទៅធ្វើទស្សនកិច្ចសិក្សា ផ្លាស់ប្តូរចំណេះដឹង ដកស្រង់បទពិសោធន៍ផ្ទាល់នៅស្ថាប័នសោធនគំរូក្នុងតំបន់នាពេលខាងមុខ ដើម្បីសិក្សាស្វែងយល់ពីរបៀបគ្រប់គ្រងអភិបាលកិច្ច និងការរៀបចំទម្រង់បទប្បញ្ញត្តិវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕













