(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. អញ្ជើញជាវាគ្មិន ចូលរួមប្រជុំពិភាក្សា ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM Cambodia) ក្រោមប្រធានបទស្តីពី «គំរូធានារ៉ាប់រង និងការទូទាត់សំណងដែលអាចផ្តល់ហិរញ្ញប្បទាន សម្រាប់សុខភាពឌីជីថល» ក្នុងគោលបំណងកសាងហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ដើម្បីធានាបាននូវអន្តរប្រតិបត្តិការទិន្នន័យ ដែលជាកត្តាចម្បងក្នុងការជំរុញសេដ្ឋកិច្ចទិន្នន័យសុខាភិបាល ប្រកបដោយតម្លាភាព សុវត្ថិភាព និងនិរន្តរភាព។
ក្នុងឱកាសអញ្ជើញជាវាគ្មិននាព្រឹកនេះ ឯកឧត្តមអគ្គនាយករង បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថល ហើយកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជនត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រចាំបាច់ ដើម្បីជំរុញល្បឿននៃឌីជីថលភាវូបនីយកម្មក្នុងវិស័យសុខាភិបាលឱ្យសម្រេចបានតាមគោលដៅ និងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញឱ្យប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែមានភាពទំនើប មានតម្លាភាព និរន្តរភាព និងផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋគ្រប់រូប។
ឯកឧត្តមអគ្គនាយករង បានបញ្ជាក់បន្ថែមថា ការធ្វើទំនើបកម្មសេវាសាធារណៈ ពិសេសវិស័យសន្តិសុខសង្គម តាមរយៈការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធស្កែនជីវមាត្រ និងប្រព័ន្ធទាមទារសំណងដោយស្វ័យប្រវត្តិ នឹងជួយសម្រួលដល់ការទូទាត់ ផ្ទៀងផ្ទាត់អត្តសញ្ញាណ និងកាត់បន្ថយនីតិវិធីរដ្ឋបាលឱ្យកាន់តែរហ័ស និងត្រឹមត្រូវ ប៉ុន្តែសុវត្ថិភាពទិន្នន័យអ្នកជំងឺ គឺជាអាទិភាពចម្បង ដោយសារការបញ្ចូលព័ត៌មានសុខភាពទៅក្នុងប្រព័ន្ធឌីជីថលទាមទារឱ្យមានការការពារយ៉ាងតឹងរ៉ឹងបំផុត ដើម្បីការពារការលេចធ្លាយព័ត៌មានឯកជនសុវត្ថិភាពទិន្នន័យដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗផងដែរ។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមអគ្គនាយករង ក៏បានបង្ហាញនូវការស្វាគមន៍ទទួលយកការផ្តល់យោបល់បន្ថែមពីវិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពសេវាសុខាភិបាលនៅកម្ពុជាឱ្យកាន់តែមានភាពទំនើប មានតម្លាភាព សុវត្ថិភាពខ្ពស់ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់រូប ដែលស្របទៅនឹងបរិបទជាក់ស្តែងរបស់កម្ពុជា ហើយការវិនិយោគលើសេវាអេឡិចត្រូនិករបស់រដ្ឋាភិបាល មិនត្រឹមតែជួយសម្រួលដល់ការផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតទិន្នន័យដ៏មានតម្លៃសម្រាប់យកមកវិភាគក្នុងការសម្រេចចិត្តលើគោលនយោបាយឱ្យកាន់តែសុក្រឹតផងដែរ៕

















