(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា បញ្ជ្រាបការយល់ដឹងអំពីសិទ្ធិជាមូលដ្ឋាន នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់បុគ្គលិកអប់រំ និងនិស្សិត នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. មានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសឱ្យសិស្ស និស្សិត ដែលជាកម្លាំងពលកម្មមានសក្ដានុពលនាពេលអនាគត បានយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចក្នុងការចូលរួមក្នុងរបបសន្តិសុខសង្គម។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្តទៀតថា មន្ត្រីរាជការ និងបុគ្គលិកអប់រំ នឹងបានយល់ដឹងកាន់តែច្បាស់ពីវឌ្ឍនភាព និងគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល ជាពិសេសរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។
ទន្ទឹមនឹងនោះ លោក ភួង ភិរម្យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ប.ស.ស. និងជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ស្តាប់ ក្រេបជញ្ជក់យកចំណេះដឹង បទពិសោធល្អៗ ដើម្បីជាទុនបន្ថែមក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានថ្លែងនូវការផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់មន្រ្តីជំនាញ ប.ស.ស. ដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមលើកជាសំណួរ ឬចម្ងល់ផ្សេងៗ ដើម្បីទទួលបានការពន្យល់បន្ថែមឱ្យបានយល់កាន់តែច្បាស់លាស់ ត្រឹមត្រូវ និងអាចយកចំណេះដឹងទាំងនេះ ទៅធ្វើការផ្សព្វផ្សាយបន្តបានយ៉ាងមានប្រសិទ្ធភាព៕

















