(ស្វាយរៀង)៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង សរុបប្រមាណ ២៥០នាក់ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា ប.ស.ស. បានបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសឱ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិ អាចស្វែងយល់ឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាព នៃការអនុវត្ត និងអត្ថប្រយោជន៍នានា នៃរបបសន្តិសុខសង្គម ដើម្បីយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពដល់មន្ត្រីរាជការនៅតាមមូលដ្ឋាន។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥ ក្នុងគោលបំណងបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ មានភាពធន់ និងអាចឆ្លើយតបបានល្អប្រសើរចំពោះការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា ព្រមទាំងឆ្លើយតបនឹងហានិភ័យនៃវដ្តជីវិតរបស់មនុស្ស ចាប់ពីដំណាក់កាលមាតុភាព កុមារភាព ជរាភាព រហូតដល់មរណភាព។
ក្នុងនោះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចដល់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាប្រតិបត្តិករតែមួយគត់ក្នុងការអនុវត្តរបបសន្តិសុខសង្គម រួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ។
ក្នុងឱកាសជាមួយគ្នានោះដែរ ឯកឧត្តម ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានមានមតិសំណេះសំណាល សម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ប.ស.ស. ព្រមទាំងបានផ្តាំផ្ញើ និងជំរុញដល់អង្គសិក្ខាសាលាទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញពីមន្ត្រីជំនាញ ដើម្បីទទួលបានចំណេះដឹងច្បាស់លាស់ អាចផ្សព្វផ្សាយបន្តទៅកាន់មន្ត្រីក្រោមឱវាទ ពិសេសមន្ត្រីរាជការ ដែលមានសហព័ទ្ធ (ប្ដី ឬប្រពន្ធ) និងកូនក្នុងបន្ទុក ត្រូវទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅសាខាដែលនៅជិតបំផុត ដើម្បីទទួលបានការគាំពារសុខុមាលភាព និងអត្ថប្រយោជន៍នានាស្របតាមបទប្បញ្ញត្តិជាធរមាន។
















