ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងនីតិវិធីនៃការដោះស្រាយវិវាទការងារ” នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានការចូលរួមពីតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ប្រមាណជិត ២០០នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានលើកឡើងថា ការចុះបញ្ជីសហគ្រាស ក្រុមហ៊ុន រោងចក្រ និងការបង់ភាគទានមក ប.ស.ស. ឱ្យបានត្រឹមត្រូវ គឺជាកាតព្វកិច្ចស្របច្បាប់របស់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ ដើម្បីធានាបាននូវការការពារសិទ្ធ ក៏ដូចជាផលប្រយោជន៍នានារបស់កម្មករនិយោជិត។
ឯកឧត្តមអគ្គនាយករង បានបន្ថែមទៀតថា ក្នុងករណីខកខានមិនបានអនុវត្តតាមច្បាប់ជាធរមាន ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រទាំងនោះ នឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ។
តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះដែរ តំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ដែលបានចូលរួម មិនត្រឹមតែបានការយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីនៃការចុះបញ្ជី ការបង់ភាគទាន និងនីតិវិធីនៃការដោះស្រាយវិវាទការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្ថប្រយោជន៍ផ្សេងៗរបស់ ប.ស.ស. ផងដែរ៕















