(ព្រៃវែង)៖ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្ត ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់ ដែលប្រព្រឹត្តទៅនៅសាខា ប.ស.ស. ខេត្តព្រៃវែង។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិ យល់ដឹងកាន់តែច្បាស់អំពីវឌ្ឍនភាព នីតិវិធី និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជាពិសេសគឺការអនុវត្តផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (ប្តី ឬប្រពន្ធ និងកូន) ដើម្បីជាចំណេះដឹងបន្ថែមក្នុងការផ្សព្វផ្សាយបន្តដល់មន្ត្រីនៅតាមមូលដ្ឋានឱ្យកាន់តែទូលំទូលាយ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានគូសបញ្ជាក់បន្ថែមថា ការខកខានមិនបាននាំអ្នកក្នុងបន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. គឺធ្វើឱ្យសមាជិកគ្រួសាររបស់ខ្លួនបាត់បង់ឱកាសទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗពី ប.ស.ស. ជាពិសេសត្រូវចំណាយថវិកាផ្ទាល់ខ្លួនក្នុងការព្យាបាលនៅពេលមានជំងឺផ្សេងៗ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានអំពាវនាវយ៉ាងទទូច និងសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបញ្ចប់សិក្ខាសាលានេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលកំពុងបម្រើការងារនៅតាមមន្ទីរ អង្គភាពជុំវិញខេត្ត ដែលមិនទាន់បានចុះឈ្មោះឱ្យប្ដី ឬប្រពន្ធ និងកូន សូមរួសរាន់នាំអ្នកក្នុងបន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តម លាត ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង បានមានមតិសំណេះសំណាល សម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ប.ស.ស. ព្រមទាំងបានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញពីមន្ត្រីជំនាញ ដើម្បីទទួលបានចំណេះដឹងច្បាស់លាស់ អាចផ្សព្វផ្សាយបន្តទៅកាន់មន្ត្រីក្រោមឱវាទ ពិសេសមន្ត្រីរាជការ ដែលមានសហព័ទ្ធ (ប្ដី ឬប្រពន្ធ) និងកូនក្នុងបន្ទុក ត្រូវទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅសាខាដែលនៅជិតបំផុត ដើម្បីទទួលបានការគាំពារសុខុមាលភាព និងអត្ថប្រយោជន៍នានាស្របតាមបទប្បញ្ញត្តិជាធរមាន៕
















