(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញឡើងថ្លែងមតិស្វាគមន៍ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ស្ដីពីការងារ” ជូនមន្រ្តីអធិការកិច្ចសន្តិសុខសង្គម ក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងការអភិវឌ្ឍចំណេះដឹងជូនដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋានអធិការកិច្ចសន្តិសុខសង្គម និងសាខា ប.ស.ស. ខេត្ត-ខណ្ឌ នៃ ប.ស.ស. ដើម្បីធានាបាននូវភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងជំរុញការចុះធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស និងហ៊ានសួរដេញដោលនូវរាល់ចំណុចមិនច្បាស់លាស់ ដើម្បីក្រេបជញ្ជក់ចំណេះដឹងឱ្យបានស៊ីជម្រៅ សម្រាប់យកទៅអនុវត្តការងារក្នុងអង្គភាពរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់នូវការណែនាំ និងជំរុញឱ្យមន្រ្តីអធិការកិច្ចសន្តិសុខសង្គមទាំងអស់ ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលនេះ និងធ្វើការស្វែងយល់ឱ្យបានច្បាស់លាស់ ដើម្បីពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងការពារផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ស្របតាមទិសដៅរបស់ ប.ស.ស.។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃនាយកដ្ឋានអធិការកិច្ចសន្តិសុខសង្គម និងសាខា ប.ស.ស. ខេត្ត-ខណ្ឌ ចំនួន១៦៣នាក់៕
















